(កំពង់ធំ)៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរៀបចំប្រព័ន្ធលូរំដោះទឹក ដែលដក់នៅតាមដងផ្លូវចន្លោះភូមិអាចារ្យលាក់ សង្កាត់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋធ្វើដំណើរទៅមក លើដងផ្លូវមួយខ្សែនេះ។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ការរៀបចំដាក់លូរំដោះទឹក មានប្រវែង១៦០០ម៉ែត្រ បើគិតជាចំនួនលូ ស្មើនឹង៧៥០កង់ មានមុខកាត់៨តឹក ដែលជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ឆ្នាំ២០១៩។
ដោយឡែកកន្លងមកនៅតាមដងផ្លូវ ក្នុងក្រុងស្ទឹងសែនចន្លោះភូមិអាចារ្យលាក់ ពេលមានភ្លៀងម្ដងៗ មានទឹកដក់នៅតាមដងផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋ ពិបាកធ្វើដំណើរដូចនេះហើយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរៀបចំប្រព័ន្ធលូរំដោះទឹកនៅតាមដងផ្លូវ ដើម្បីងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរជាពិសេស ដើម្បីថែរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ និងកែលម្អសោភ័ណភាពទីក្រុង ឱ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាក្នុងនោះដែរមន្ទីរ ក៏មានគម្រោងរៀបចំប្រព័ន្ធលូ នៅតាមដងផ្លូវ ក្នុងក្រុងស្ទឹងសែន ជាបន្តបន្ទាប់ដើម្បីជួយរំដោះទឹកចេញពីផ្លូវ។
ជាចុងក្រោយ លោក ជូ កូឡា ក៏បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសហការថែរក្សានឹងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវ ឬនៅមាត់លូដែលជាហេតុ ឱ្យមានការរាំងស្ទះទឹកនៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅតាមដងផ្លូវមានការសប្បាយចិត្តជាខ្លាំងដោយពួកគាត់នឹងទទួលបាននូវចំណងដៃថ្មី ក្នុងឆ្នាំ២០១៩នេះ ព្រោះថា គាត់លែងលំបាកក្នុងការទឹកដក់នៅ តាមមុខផ្ទះទៀតហើយ ហើយគាត់នឹងចូលរួមថែរក្សាសម្បត្ដិទាំងអស់នេះ ឱ្យបានគង់វង្សយូរអង្វែង ។