(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាស់តឿនដល់មន្ត្រីអាវុធហត្ថខេត្តស្វាយរៀងថា មន្ត្រីអាវុធទាំងអស់ត្រូវការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋឱ្យបានល្អប្រសើរជាពិសេសការពារ ឱ្យបានដាច់ខាតការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ហើយមិនឱ្យមានសត្រូវណា ឬក្រុមឧទ្ទាមក្រៅច្បាប់ណាមកបំផ្លិចបំផ្លាញ សុភមង្គល សេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការងារ អប់រំនយោបាយចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ឆមាសទី១ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នាយ នាយរង ពលអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ បានក្រើនរំលឹកដល់កម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវរួមគ្នាពង្រឹងការងារដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព ប្រកបដោយគុណភាព និងគុណធម៌។
នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក បានលើកឡើងអំពីការវិវត្តន៍ថ្មីៗ នៅជុំវិញពិភពលោក និងការវិវត្តន៍នៃការរីកចម្រើនក្នុងប្រទេសកម្ពុជា ជូនដល់មន្ត្រីរាជអាវុធបានដឹងក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សង្គមហើយមន្ត្រីអាវុធហត្ថយើងត្រូវចេះតាមដាននៃការវិវត្តន៍នានាក្នុងប្រទេស ជុំវិញពិភពលោកផងដែរ។
លោកឧត្តមសេនីយ៍ឯកបានន្ថែមទៀតថា មន្ត្រីអាវុធហត្ថក្រៅពីការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ មន្ត្រីអាវុធហត្ថមានភារកិច្ចជាស្នូល ក្នុងជួយសង្គ្រោះពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ ដូចបញ្ហាគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងគ្រោះអគ្គីភ័យជាដើម។ ដូច្នេះ ហើយកងរាជអាវុធហត្ថមានតួនាទីភារកិច្ចក្នុងការថែរក្សា និងពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សង្គម។ កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ជាប៉ូលីសរដ្ឋបាល ជាមន្ត្រីនគរបាលយុត្តិធម៌ ជាតម្រួតយោធា និងផ្តល់កម្លាំងទៅជួយអន្តរក្រសួងតាមការស្នើសុំ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ ក៏បានជំរុញឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ចរាចរណ៍ គោរពបទបញ្ជា គោរពការចាត់តាំង និងត្រូវបន្តរៀនសូត្របន្ថែមពីច្បាប់ លក្ខន្តិកៈថ្មីៗនានា ដើម្បីបង្កើននូវចំណេះដឹង ព្រមទាំងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងក្រុមគ្រួសារ និងអង្គភាពត្រូវយកការផ្សព្វផ្សាយនាពេលនេះ ទៅផ្សព្វផ្សាយបន្តដល់អ្នកដែលមិនបានចូលរួម៕