(តូក្យូ, ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តស្នើ និងលើកទឹកចិត្តដល់ធនាគាររបស់ជប៉ុន Mizuho ឱ្យផ្តល់ឥណទានដល់ក្រុមហ៊ុនទាំងឡាយដែលកំពុងដំណើរការផលិតនូវផលិតផលនានានៅក្នុងកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក សេជី អ៉ីម៉ៃ (Seiji Imai) ប្រធានផ្នែកសាជីវកម្មទូទាំងសាកលលោករបស់ធនាគារ មីហ៊្សូ (Mizuho) ចូលជួបសម្តែងការគួរសម និងសំណេះសំណាលលើការងារមួយចំនួន។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបលោក សេជី អ៉ីម៉ៃ បានគូសបញ្ជាក់ថា មីហ៊្សូ មានឆន្ទៈខ្ពស់ក្នុងការជំរុញឲ្យភ្ញៀវរបស់ធនាគារ ជាពិសេសពីប្រទេសជប៉ុនទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយលោកក៏នឹងខិតខំលើកទឹកចិត្តដល់ភ្ញៀវដទៃទៀតឲ្យទៅប្រទេសកម្ពុជា ដើម្បីដាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា។ លោកក៏បានគូសបញ្ជាក់ផងដែរថា ធនាគាររបស់លោកនឹងចាប់ផ្ដើមធ្វើការពីទីក្រុងតូក្យូ ទៅទីក្រុងភ្នំពេញតែម្ដងដោយមិនឆ្លងកាត់ទីក្រុងបាងកកនោះទេ។
លោក សេជី អ៉ីម៉ៃ បានអះអាងថា អ្នកវិនិយោគជប៉ុន មានការចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា ជាពិសេសអ្នកវិនិយោគមួយចំនួនក៏បានឥណទានពីធនាគារមីហ៊្សូផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធនាគារមីហ៊្សូ ដែលបានវិនិយោគនៅកម្ពុជា ហើយសម្តេចចង់ឲ្យធនាគារនេះធ្វើការផ្ទាល់ពីទីក្រុងតូក្យូទៅទីក្រុងភ្នំពេញដោយមិនបាច់ឆ្លងកាត់ទីក្រុងបាងកកប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន បានសូមឲ្យធនាគារនេះបន្តផ្ដល់ឥណទានដល់ក្រុមហ៊ុនដែលអាចវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមហ៊ុនដែលផលិត និងកែច្នៃផលិតផលវត្ថុធាតុដើមរបស់ប្រទេសកម្ពុជាក្នុងការនាំចេញទៅកាន់ប្រទេសជប៉ុន។ សម្តេចតេជោ បានគូសបញ្ជាក់ថា នេះជាអ្វីដែលសម្ដេចចង់ឃើញឲ្យមានការនាំចេញឲ្យបានច្រើននូវផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន។
លោកអនុប្រធានធនាគារមីហ៊្សូ ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះលោកកំពុងខិតខំជំរុញធ្វើយ៉ាងណាឱ្យវិនិយោគជប៉ុន បន្តដាក់ទុនក្នុងប្រទេសកម្ពុជាបានច្រើនជាងមុន។ ជាពិសេសខិតខំជំរុញឲ្យសហគ្រាសតូច និងមធ្យមពីប្រទេសជប៉ុនទៅបន្តបណ្ដាក់ទុនក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
ជាចុងក្រោយសម្តេចតេជោ ក៏បានអរគុណ និងគាំទ្រនូវគោលជំហររបស់ធានាគារជប៉ុន ដោយបញ្ជាក់ថា នេះជាការប្រឹងប្រែងក្នុងការធ្វើដំណើររួមគ្នារវាងកម្ពុជា និងជប៉ុន។ សម្តេចតេជោ ក៏បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ធានាឱ្យបាននូវសុខសន្តិសុខ សុវត្ថិភាព ដើម្បីធានាដល់និរន្តរភាពនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជា។
សូមបញ្ជាក់ថា ធនាគារ មីហ៊្សូ បានសម្រេចក្នុងការបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញនាឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៧ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការបើកធនាគារមីហ៊្សូហូក្នុងរាជធានីភ្នំពេញតែម្ដង៕