(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រាប់ដល់តំណាងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum, WEF) ថា ការដាក់ចេញនូវគោលនយោបាយ អនុគ្រោះដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងទាក់ទាញវិនិយោគិន មកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រីកសិកម្ម ធ្វើឡើងក្នុងឱកាសលោកបានទទួលជួប Mr. Matthew Stephenson ប្រធានផ្នែកគោលនយោបាយ និងសហគមន៍លើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum, WEF) និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង នឹងការចូលរួមចំណែក ឬកិច្ចសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់កិច្ចសម្របសម្រួលលើការវិនិយោគ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
ក្នុងជំនួបនោះ លោក Matthew បានជម្រាបជូនលោករដ្ឋមន្រ្តីជ្រាបថា WEF កំពុងធ្វើការសិក្សា និងស្វែង យល់អំពីកិច្ចសម្របសម្រួល ក្នុងការវិនិយោគបរទេសទៅលើស្បៀង និងកសិកម្ម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយគោលបំណងនៃជំនួបនាថ្ងៃនេះ គឺធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបញ្ហា ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ គំនិត និងយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ រួចដាក់ចេញនូវយន្តការដោះស្រាយសមស្រប ដើម្បីបង្កើតបរិយាកាសវិនិយោគមួយ មានលក្ខណៈប្រទាក់ក្រឡា សម្របសម្រួល និងមានប្រសិទ្ធភាពសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញ ដែលបានរៀបចំគម្រោងសិក្សានេះឡើង ប្រយោជន៍ដើម្បីបង្ហាញដល់វិនិយោគិនអំពីគោលនយោបាយ អនុគ្រោះរបស់រាជរដ្ឋាភិបាល បរិយាកាស និងឱកាសវិនិយោគលើផលិតកម្មស្បៀង និងកសិកម្មនៅកម្ពុជានាពេលអនាគត។
រដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវបន្ថែមថា បច្ចុប្បន្នកម្ពុជាបានប្រែក្លាយពីប្រទេស ដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលផលិត និងអតិរេចស្បៀងសម្រាប់នាំចេញ។
ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការដាក់ចេញនូវគោលនយោបាយអនុគ្រោះដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងទាក់ទាញវិនិយោគិន មកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ក្រសួងក៏បានបន្តជំរុញការងារកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេស និងអង្គការជាដៃគូអភិវឌ្ឍ ដើម្បីជួយសម្រួលដល់វិនិយោគិន ធ្វើយ៉ាងណាឲ្យការវិនិយោគរបស់ពួកគាត់ទទួលបានជោគជ័យ ដែលនេះគឺជាកត្តាដ៏សំខាន់ សម្រាប់ការអភិវឌ្ឍក្នុងវិស័យនេះ និងជាពិសេសជួយលើកស្ទួយកម្រិតជីវភាពប្រជាកសិករ និងសេដ្ឋកិច្ចជាតិ។
តែទោះជាយ៉ាងណា ការវិនិយោគលើវិស័យនេះ នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដូច្នេះលោករដ្ឋមន្ត្រីបានសំណូម ពរឲ្យ WEF និងដៃគូអភិវឌ្ឍន៍ដទៃ គួរពិនិត្យ និងពិចារណាផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍសហគមន៍កសិកម្ម និងវិស័យឯកជន ដោយផ្តោតជាសំខាន់លើការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការជំរុញផលិតកសិកម្មតាមកិច្ចសន្យា។
កិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយភាគីទាំងពីរ បានឯកភាពគ្នាក្នុងការរៀបចំក្រុមការងារ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកបញ្ហាគន្លឹះសំខាន់ៗ ក្នុងការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ពង្រីកការបោះទុនវិនិយោគលើវិស័យកសិម្ម និងការកែឆ្នៃផលិតផលកសិកម្ម នៅកម្ពុជាបន្ថែមទៀត៕