(ជប៉ុន)៖ ក្នុងឱកាសចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្ដីអំពីអនាគតអាស៊ី នៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ណូប៊ូហ៉ីកូ សាសាគី (Nbuhiko Sasaki) ប្រធាន និងជានាយកប្រតិបត្តិថ្មី នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិ JETRO បញ្ជាក់ថា ជប៉ុនរីករាយមកធ្វើពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន។
លោក ណូប៊ីហ៊ីកូ សាសាគី ក៏បានអរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងក្រុមការងាររបស់លោក បានជួបសម្តែងការគួរសមនាពេលនេះ។ លោកក៏បានអរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានរៀបចំក្នុងវេទិកាវិនិយោគកម្ពុជា។
លោកបានបន្តថា ពាក់ព័ន្ធការងារមួយចំនួន លោកក៏បានអរគុណដល់ សម្ដេចតេជោ ដែលបានកែសម្រួលបរិយាកាស នៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដែលការកែសម្រួលទាំងអស់នោះ គឺបានចំណេញពេលវេលាច្រើន ដោយសារការកាត់បន្ថយនូវការត្រួតពិនិត្យកាំកុងត្រូល និងថ្លៃសេចាផ្សេងៗ។
មិនត្រឹមតែប៉ុណ្ណោះ លោកបានចាត់ទុកថា ភាគីជប៉ុនពិតជារីករាយក្នុងការមកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។ លោកបន្តថា លោកបើកការិយាល័យនៅកម្ពុជា ក្នុងឆ្នាំ២០១០ ដែលពេលនោះ មានតែក្រុមហ៊ុន៤៥ទេ ប៉ុន្តែរហូតមកដល់ពេលនេះ តាមការកត់ត្រារបស់អង្គការ JETRO
កើនឡើងរហូតដល់ ២១៦ក្រុមហ៊ុន។
លោកក៏បានជម្រាបសម្ដេចតេជោថា លោកមានផែនការ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ ជាពិសេសលោកផ្ទាល់ និងលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងធ្វើការជាមួយគ្នា ហើយនឹងចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ដើម្បីជួយសម្រួលដល់ការវិនិយោគពីបណ្ដាក្រុមហ៊ុនជប៉ុនផងដែរ ជាពិសេសដើម្បីជំរុញបរិយាកាសវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
លោក ណូប៊ីហ៊ីកូ សាសាគី ក៏បានជម្រាបជូនសម្តេចតេជោថា កាលពីខែមីនា ឆ្នាំ២០១៩នោះ អ្វីដែលអង្គការ JETRO បានទទួលនោះ គឺនៅពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំនៃវេទិការដ្ឋាភិបាល និងវិស័យឯកជនដែលបានកើតនូវបរិយាកាសវិនិយោគដ៏ល្អ។
លោកក៏បានអរគុណដល់សម្ដេចតេជោ ដែលបានដាក់ចេញនូវវិធានការជាច្រើន រហូតដល់ ៧ចំណុចធំៗ ដើម្បីបង្កើនក៏ដូចជាកែសម្រួលកែលម្អដល់បរិយាកាសវិនិយោគ ធ្វើឲ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លើសពីនោះលោកក៏បានជម្រាបថា លោកនឹងធ្វើការសិក្សាអំពីពីការវិនិយោគនៅតំបន់អាស៊ាន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះចំណុចល្អៗ ដែលលោកប្រធានអង្គការ JETRO បានលើកឡើង។ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកតួនាទីវិស័យឯកជនជាផ្នែកមួយសំខាន់ មិនត្រឹមតែនៅប្រទេសកម្ពុជាទេ គឺខាងក្រៅប្រទេសផងដែរ។
សម្ដេចបានមានប្រសាស៍អរគុណចំពោះមិត្តជប៉ុន ក៏ដូចជាអង្គការ JETRO ដែលបានទទួលយកមកកែសម្រួលនេះ ជាពិសេសការរំលាយកាំសាប ការកាំកុងត្រូលតែម្ដង ហើយសម្រេចគាំទ្រការចុះអនុសារណៈរវាង CDC ជាមួយអង្គការ JETRO ដើម្បីធ្វើការជាមួយគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសធ្វើយ៉ាងណាជំរុញឲ្យភាគីជប៉ុនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាអោយច្រើនបន្ថែទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅតែអំពាវនាវឲ្យ អង្គការ JETRO បន្តជួយសម្របសម្រួលជាពិសេសជំរុញធ្វើយ៉ាងម៉េចឲ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជាជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារជប៉ុន។
សម្តេចបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មទ្វេភាគី បានឡើងដល់ជាង ២ពាន់លានដុល្លារ ហើយក្នុងនោះប្រទេសជប៉ុននាំចូលពីទីផ្សារកម្ពុជា មានជាង ១៦០០លានដុល្លារ ហើយកម្ពុជា នាំទៅជប៉ុនវិញមានតែ ៩០០លានប៉ុណ្ណោះទេ។
សម្តេចតេជោក៏ ជំរុញបន្ថែមទៀតក្នុងការនាំចូលផលិតផលកសិផលរបស់កម្ពុជា ជាពិសេសនូវវត្ថុដើមកែច្នៃពីកម្ពុជានាំចេញទៅប្រទេសជប៉ុន។ សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញធ្វើយ៉ាងណាឲ្យមានការចរចារវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងការធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដែលជាចំណុចសំខាន់សម្រាប់អ្នកវិនិយោគ និងទី២ពាក់ព័ន្ធទៅនឹងពន្ធកាត់ទុកមួយភាគរយនេះ សម្តេចនឹងពិចារណាក្នុងការលុបចោល។
លោកប្រធាន JETRO ក៏បានអរគុណសម្ដេចតេជោ ដែលបានផ្ដល់អនុសាសន៍ល្អៗ ជាពិសេសពិតជារីករាយក្នុងការបន្តធ្វើការងារដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ៕