(កំពង់ធំ)៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការគ្នា ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីការពារធនធានជលផល។
លោកបានបន្តទៀតថា ការចូលរួមទប់ស្កាត់បទល្មើសនេសាទនេះ គឺចាប់ផ្ដើមពីបងប្អូនយើងម្នាក់ៗ ដោយនៅពេល ធ្វើនេសាទបងប្អូនកុំប្រើឧបករណ៍នេសាទខុសច្បាប់ ហើយប្រសិនបើបានដឹង ឬឃើញជនណាម្នាក់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូច្នេះ សូមបងប្អូនត្រូវរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ច ជាបន្ទាន់ដើម្បីចុះបង្ក្រាបប្រសិនបងប្អូនចូលរួមធ្វើ ប្រសិនបើមានការចូលរួមសហការនោះ បទល្មើសនេសាទនឹងថយចុះ ហើយទិន្នផលត្រីរបស់នឹងកើនឡើងវិញជាក់ជាមិនខាន។
ក្នុងឱកាសនោះដែរលោកក៏បានថ្លែងអំណរគុណដល់បងប្អូនពលរដ្ឋទាំងអស់ ដែលកន្លងមកបានគាំទ្រ និងស្មោះស្ម័គ្រ ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកតែងតែគិតគូរ ពីសុខទុកបងប្អូនប្រជាពលរដ្ឋរបស់យើង។
ទន្ទឹមនឹងនោះដែរ លោកសុខ លូ ក៏បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេសរ ព្រមទាំងបានលើកឡើង ពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលខិតខំថែរក្សាសភាពការណ៍បានស្ងប់ស្ងាត់ល្អ ហើយបងប្អូនប្រជាពលរដ្ឋរកស៊ី ប្រកបរបរទទួលទាន និងធ្វើកិច្ចការផ្សេងបានសេចក្ដីសុខគ្មានអ្វីរំខាននោះឡើយ។
យោងតាមរបាយការណ៍របស់លោកមេឃុំផាត់សណ្ដាយ បានឱ្យដឹងថា បច្ចុប្បន្ននេះ ឃុំផាត់សណ្ដាយ មានចំនួន០៥ភូមិ គឺភូមិកំពង់ចម្លង ភូមិនាងសាវ ភូមិទួលនាងសាវ ភូមិផាត់សណ្ដាយ និងភូមិកោះតាពៅ ដែលមានគ្រួសារសរុបចំនួន១១៩០គ្រួសារ ហើយប្រជាពលរដ្ឋសរុបចំនួន៥៥៦៣នាក់ ស្រី២៩០៦នាក់៕