(កណ្តាល)៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្អាង បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីចោរគាស់បន្ទប់បង្អួចដាក់ទូដែក ដោយប្រមូលយកលុយអស់ចំនួន ១៤៥,១០០ដុល្លារ ស្ថិតនៅចំណុចក្នុងបន្ទប់គណនេយ្យ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឡៅ ស៊ីហ្គុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជានាយកក្រុមហ៊ុន RX (ផលិតឥដ្ឋ) មានទីលំនៅរាជធានីភ្នំពេញ។ ដោយឡែក ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា នៅវេលាម៉ោង០៧៖១៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា បន្ទាប់ពីបុគ្គលិកដែលបម្រើការ នៅក្នុងក្រុមហ៊ុន ដើម្បីធ្វើការដូចសព្វដង ស្រាប់តែចាក់សោហើយបើកទ្វារមិនរួច ក៏មានការសង្ស័យលុះទៅមើលពីក្រោយបន្ទប់ ក៏ឃើញមានស្នាមគាស់បង្អួច ទើបរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីអន្តរាគមន៍ភ្លាមៗផងដែរ។
សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕