(ភ្នំពេញ)៖ ចលនាប្រឡងប្រណាំងរង្វាន់សម្ដេចតេជោនាយករដ្ឋមន្រ្ដី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៤ ឆ្នាំ២០២០-២០២១ ត្រូវបានប្រកាសដាក់ចេញជាថ្មី ដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

ការដាក់ចេញចលនាប្រឡងប្រណាំង គឺដើម្បីលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករទេសចរណ៍ទាំងអស់ នៅតាមរមណីយដ្ឋានសណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប។ល។

បើតាមការប្រកាសរបស់ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គឺរង្វាន់ទាំងអស់សម្រាប់ចលនាប្រឡងប្រណាំងនេះ មាន០៧ប្រភេទ ក្នុងនោះរួមមាន៖
ទី១៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាអនាម័យ និងបរិស្ថាន» (Environment Award)
ទី២៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្ដគោលការណ៍ ៣Rs» (3Rs Award)
ទី៣៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងសុខុមាលភាពសង្គមនិងបេតិកភណ្ឌវប្បធម៌»
(Social Welfare and Cultural Heritage Award)
ទី៤៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ»
(Best Workplace Award)
ទី៥៖ រង្វាន់សម្រាប់ «សហគ្រិនដែលមានស្នាដៃឆ្នើម»(Entrepreneur Award)
ទី៦៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ»
(Beach Eco-Label Award)
ទី៧៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ»
(Khmer Product Usage Award)

ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានបំណងចង់ចូលរួមនូវចលនាប្រឡងប្រណាំងនេះ អាចចូលទៅកាន់គេហទំព័រ www.cambodiaecobusiness.org ដើម្បីចុះឈ្មោះតាមប្រព័ន្ធអនឡាញ (Online Registration) ឬ Scan តាមរយៈ QR Code និងអាចស្វែងរកឯកសារពាក់ព័ន្ធនានាក្នុងគេហទំព័រនេះ ហើយអនុវត្តទៅតាមដំណាក់កាលដូចខាងក្រោម៖

* ដំណាក់កាលទី១៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ បេក្ខជនត្រូវដាក់ពាក្យសុំចូលរួមចលនាប្រឡប្រណាំងតាមរយៈប្រព័ន្ធអនឡាញនៅលើគេហទំព័រ www.cambodiaecobusiness.org ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់នានា។ បេក្ខភាពអាចធ្វើការវាយតម្លៃដោយខ្លួនឯង (Self-assessment) បានតាមរយៈឯកសារស្តង់ដា និងឯកសារគោលការណ៍ណែនាំ (Checklist) ព្រមទាំងអាចស្វែងរកស្ថាប័នឯករាជ្យដែលមានជំនាញប្រឹក្សាយោបល់ និងបច្ចេកទេសលើការបំពេញពាក្យសុំ ការរៀបចំឯកសារពាក់ព័ន្ធ និងការពង្រឹងលក្ខណៈសម្បត្តិក្នុងការដណ្ដើមយកជ័យលាភី។

* ដំណាក់កាលទី២៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការ វាយតម្លៃចលនាប្រឡងប្រណាំងនឹងធ្វើការពិនិត្យ និងវាយតម្លៃបឋមលើពាក្យសុំ និងឯកសារពាក់ព័ន្ធនានារបស់បេក្ខភាព។ រាល់ពាក្យសុំទាំងឡាយណាដែលបានដាក់ក្រោយកាលបរិច្ឆេទនេះ នឹងត្រូវបានរក្សាទុកដើម្បីធ្វើការវាយតម្លៃសម្រាប់ប្រឡងប្រណាំងនៅឆ្នាំបន្ទាប់។

* ដំណាក់កាលទី៣៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ នឹងជូនដំណឹងពីលទ្ធផលនៃការវាយតម្លៃបឋម និងចាត់ក្រុមការងារដើម្បីចុះពិនិត្យ និងវាយតម្លៃ នៅតាមទីតាំងជាក់ស្ដែងរបស់បេក្ខភាព ឬជួបសម្ភាសន៍ផ្ទាល់ជាមួយបុគ្គលដែលបានជាប់ក្នុងការវាយតម្លៃបឋម ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់លើការវាយតម្លៃបឋម។

* ដំណាក់កាលទី៤៖ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ គណៈកម្មការវាយតម្លៃចលនាប្រឡងប្រណាំងនឹងរៀបចំជារបាយការណ៍នៃការវាយតម្លៃចុងក្រោយហើយឈានទៅប្រកាសលទ្ធផលជ័យលាភី “រង្វាន់សម្ដេចតេជោយករដ្ឋមន្រ្ដីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” ឆ្នាំ២០២០៕