(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ «ខ្សែក្រវ៉ាត់ និងផ្លូវ» នៅខេត្ត ឆុង ឈឹង ប្រទេសចិន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
សម្រាប់កិច្ចប្រជុំ «ខ្សែក្រវ៉ាត់ និងផ្លូវ» នៅប្រទេសចិនលើកនេះ នឹងធ្វើឡើងក្រោមមូលបទ «កសាងអនាគតថ្មីរួមគ្នា សម្រាប់ការអភិវឌ្ឍន៍ ការតភ្ជាប់ដី និងសមុទ្រ»។
សូមជម្រាបថា «ខ្សែក្រវ៉ាត់ និងផ្លូវ» គឺជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅឆ្នាំ២០១៣ ហើយបច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៤ប្រទេស បានចុះហត្ថលេខាចូលរួមអនុវត្តគោលនយោបាយនេះផងដែរ។
គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» កំពុងជំរុញឱ្យការផ្លាស់ប្តូរអភិបាលកិច្ចសកលសម្រាប់ការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពរួមគ្នា វាត្រូវបានបង្កើតឡើងដើម្បីពង្រីកទំនាក់ទំនងការបរទេស និងសេដ្ឋកិច្ចរវាងចិនជាមួយប្រទេសនានាលើពិភពលោក។
ក្នុងនាមជាអ្នកផ្តើមគំនិត «ខ្សែក្រវ៉ាត់និងផ្លូវ» ប្រទេសចិនបានពង្រីកយ៉ាងសកម្ម នូវទំហំនៃការនាំចូល ពាណិជ្ជកម្មផែ្នកសេវាកម្មបានរក្សាកំណើនយ៉ាងឆាប់បង្គួរ ហើយបានក្លាយទៅជាទីផ្សារសំខាន់ សម្រាប់ការនាំចេញនៃបណ្តាប្រទេសតាមបណ្តោយ៕