Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

29-05-2019 16:13

(ព្រះសីហនុ)៖ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានរួមគ្នាឧបត្ថម្ភជាថវិកាចំនួន ៥ម៉ឺនដុល្លារ ដើម្បីជួយដល់កិច្ចការ មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៦ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

ពីធីនេះមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត។

តាមការឱ្យដឹងរបស់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយខេត្តព្រះសីហនុ ក៏មានកំពង់ផែសេរី ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំតែមួយគត់ និងជារោងចក្រចម្រាញ់ប្រេងតែមួយគត់នៅកម្ពុជា។ តំបន់នេះជាតំបន់អនុគ្រោះពន្ធ តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍សំខាន់បំផុតនៅប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ បាននឹងកំពុងរីកចម្រើននេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ដ្រអភិវឌ្ឍន៍ត្រីកោណមាស ភ្នំពេញ-សៀមរាប -ព្រះសីហនុ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ផងដែរ។

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៤ឆ្នាំកន្លងមក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានរៀបចំនូវគម្រោងជាច្រើននៅក្នុងខេត្តព្រះសីហនុ ដែលក្នុងនោះរួមមាន ព្រីនស៍ ធាន ស៊ី វ៉ាន, ព្រីនស៍ អាយ ធី បៀលឌីង, ព្រីនស៍ ស៊ីធី សេនធើ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល ដើម្បីចូលរួមជួយជំរុញក្រុងព្រះសីហនុ ឲ្យក្លាយជាទីក្រុងកំពង់ផែអន្ដរជាតិ។

ផែនការពាណិជ្ជកម្មកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ដែលនាំមកនូវការផ្លាស់ប្តូរនៃទីក្រុងព្រះសីហនុ ហើយសកម្មភាពសប្បុរសធម៌ បានផ្ដល់ផលប្រយោជន៍ជូនដល់ ប្រជាពលដ្ឋជាច្រើននៃក្រុងព្រះសីហនុ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីក្រុង ដែលផ្អែកលើទស្សនវិស័យនៃអ្នកដឹកនាំឧស្សាហកម្ម ក៏ដូចជាចូលរួមជំរុញ ដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសនៃខួបលើកទី១៥៦ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានឧបត្ថម្ភជាថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ហើយបានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិកតាមរយៈរដ្ឋាភិបាលក្រុងភ្នំពេញ និង៥ម៉ឺនដុល្លារអាមេរិកទៀត តាមរយៈរដ្ឋាភិបាលខេត្តព្រះសីហនុ។ ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនបានឧបត្ថម្ភជាថវិកាសរុបចំនួន ៦០ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា៕