(កំពង់ឆ្នាំង)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វីដេអូដែលប្រជាពលរដ្ឋបានទិញត្រីឆ្អើរ ដោយមានបង្កប់គ្រាប់ដែក (ខ្ចៅដែក) នៅក្នុងពោះត្រី ដើម្បីថ្លឹងបានធ្ងន់នោះ ត្រូវបានគេចែកចាយយ៉ាងខ្លាំង ដោយម្នាក់ៗគិតពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាព។ ចំពោះករណីនេះត្រូវបានអ្នកបង្ហោះអះអាងថា ទិញនៅផ្សារលើ ទីរួមខេត្តកំពង់ឆ្នាំង។
ដោយមើលឃើញផលប៉ះពាល់ដល់សុខភាព រួមទាំងពីបទឆបោកផងនោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលបញ្ជាពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍លោក អ៊ុក សាវុធ ឲ្យចុះស្រាវជ្រាវ ដើម្បីឈានទៅដល់ការចាត់វិធានការតាមផ្លូវច្បាប់ ក្នុងគោលបំណងជួយកាត់បន្ថយបទល្មើសមួយនេះ។
អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍មួយរូប បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានវីដេអូមួយនេះ លោកបានស្នើសុំគោលការណ៍ទៅកាន់អគ្គព្រះរាជអាជ្ញា ស្នើទៅព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវករណីនេះ។
លោកអគ្គព្រះរាជអាជ្ញារង បានបញ្ជាក់ខ្លឹមសាររំលេចនូវសមត្ថកិច្ចផ្លូវច្បាប់ និងកង្វល់របស់គាត់យ៉ាងដូច្នេះថា «ជូនលោកព្រះរាជអាជ្ញា យោងតាមមាត្រា១១១ ក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំស្នើសុំឲ្យមានការស៊ើបអង្កេតករណីនេះជាប្រញ៉ាប់ ដោយផ្អែកតាមសំឡេងនិយាយក្នុងវីដេអូនេះ ស្ថិតនៅផ្សារលើខេត្តកំពង់ឆ្នាំង។ បើយើងបណ្ដែតបណ្ដោយវានឹងប៉ះពាល់ដល់សុខភាព ទ្រព្យសម្បត្តិ សេចក្ដីទុកចិត្តចំពោះប្រជាពលរដ្ឋ ចំពោះស្ថាប័នមានសមត្ថកិច្ច ព្រមទាំងប៉ះពាល់ដល់ការដឹកនាំ និងធ្វើឲ្យច្បាប់មានភាពធូររលុង។ សូមសហការជាមួយស្ថាប័នពាក់ព័ន្ធដូចជា នគរបាល អាវុធហត្ថ និងអាជ្ញាធរខេត្ត»។
លោកអគ្គព្រះរាជអាជ្ញារង ដែលបានឈឺឆ្អាលចំពោះសុខភាពរបស់ប្រជាជនទូទៅ បានសង្កត់ធ្ងន់ថា «ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែង លើការអនុវត្តច្បាប់ ការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋ ការយកចិត្តទុកដាក់ពីមន្រ្ដីមានសមត្ថកិច្ច ក្នុងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងដើម្បីលើកតម្កើងកិត្យានុភាពច្បាប់ ស្ថាប័នមានសមត្ថកិច្ច ត្រូវតែធ្វើការតាមតូនាទីរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យ ដើម្បីផ្ដល់នូវយុត្តិធម៌ជូនប្រជាជនដែលរងផលប៉ះពាល់។ ករណីខាងលើនេះ បង្ហាញពីបទល្មើសឆបោក និងប៉ះពាល់គុណភាពចំណីអាហារ ដែលប៉ះពាល់ដល់ សុខភាពអ្នកបរិភោគ»។
យោងតាមវីដេអូដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook នោះ ប្រជាពលរដ្ឋដែលបានទិញត្រីឆ្អើរ នៅក្នុងផ្សារលើ ហើយពេលហែកពោះត្រីឃើញសុទ្ធតែគ្រាប់ខ្ចៅដែក បង្កប់នៅខាងក្នុង ទំនងជាអ្នកលក់ចង់បានទម្ងន់ ងាយស្រួលចំណេញលុយពីអ្នកទិញ ប៉ុន្ដែពួកគេមិនបានគិតពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ប្រជាជននោះឡើយ៕