(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់ ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥។
ពិធីនេះស្ថិតក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកស្រី ហ្វិញ នឺធូណាតំណាងប្រតិភូខេត្តយ៉ាឡាយប្រទេសវៀតណាម និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះគឺជាលើកទី១៥ហើយ ដែលខេត្តព្រះវិហារកម្ពុជា និងខេត្តយ៉ាឡាយវៀតណាម បានសហការធ្វើពិធីប្រគល់ ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម លើភូមិសាស្ត្រខេត្តធ្វើមាតុភូមិនិវត្តន៍សរុបចំនួន ៤៩៨អដិ្ឋធាតុ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ លោកសូមសំដែងការសោកស្តាយ ចំពោះយុទ្ធជន យុទ្ធនារីកម្មាភិបាល នៃវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានលើសមូរភូមិកម្ពុជា និងចូលរួមរំលែកនូវមហាទុក្ខសោកនេះ ជាមួយប្រជាជាតិ និងប្រជាជនវៀតណាម។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានថ្លែងទៀតថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការរុករកអដិ្ឋធាតុនេះ បានធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរនិយាយរួម ដោយឡែក កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ ទោះបីខេត្តទាំងពីរ ពុំមានព្រំប្រទល់ជាមួយគ្នា ក៏ដោយតែកិច្ចការទំនាក់ទំនង និងសហប្រតិបត្តិការគ្នាបានល្អប្រសើរ អាចឈានដល់ការចងសម្ព័ន្ធមេត្រីភាព និងគ្នាទៀតផង៕