(ភ្នំពេញ)៖ ដើម្បីអបអរភាពរីកចម្រើន និងភាពជោគជ័យអស់រយៈពេល២៥ឆ្នាំ ក្រេឌីត (KREDIT) ដែលជាគ្រឹះស្ថានមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខ នៅកម្ពុជា បានរៀបចំការជួបជុំជាមួយបុគ្គលិករបស់ខ្លួនចំនួនជាង៧០០នាក់ នៅសណ្ឋាគារសូហ្វីថែល កាលដើមសប្ដាហ៍នេះ ។
ក្នុងកម្មវិធីអបអរនេះ និយោជិតច្រើនជាង២៥០នាក់ បានទទួលពានរង្វាន់កិត្តិយស វិញ្ញាបនប័ត្រ និងទឹកប្រាក់ឧបត្ថម្ភ សម្រាប់ការចូលបម្រើការងារដ៏យូរអង្វែងរបស់ពួកគេជាមួយក្រេឌីត។ ក្រេឌីត បានចាប់ដំណើរការរបស់ខ្លួន ក្នុងនាមជាគម្រោងអង្គការក្រៅរដ្ឋាភិបាល (NGO) តូចមួយ ក្រោមស្លាករបស់អង្គការសម្រាលទុក្ខមនុស្សជាតិសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៣ និងបានវិវឌ្ឍខ្លួនអស់រយៈពេល២៥ឆ្នាំ ដើម្បីក្លាយជាស្ថាប័នមួយក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេ នៅកម្ពុជា។ បេសកកម្មស្នូលមួយរបស់ស្ថាប័នមួយនេះ គឺគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុរបស់ខ្លួន និងកម្មវិធីសង្គមដ៏រឹងមាំមួយ ដើម្បីជួយទ្រទ្រង់ក្នុងដំណាក់កាលលំបាកបំផុត។
លោក ចាន់ ម៉ាច នាយកប្រតិបត្តិរបស់ស្ថាប័នក្រេឌីត បានថ្លែងក្នុងពិធីជួបជុំនោះថា៖ «នៅពេលដែលខ្ញុំត្រូវបានដំឡើងឋានៈជានាយកប្រតិបត្តិការ ក្នុងឆ្នាំ២០០៣ ក្រេឌីត មានបុគ្គលិកត្រឹមតែ៧០នាក់ និងមានប្រាក់កម្ចីសរុបចំនួន៦០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ ពេលនេះ យើងបានក្លាយជាអង្គភាពមួយក្នុងចំណោមអង្គភាពដ៏សំខាន់ក្នុងប្រទេសនេះ ដោយមានបុគ្គលិកសរុបជាង ១ ៧០០នាក់ ដែលកំពុងប្រតិបត្តិស្ទើរតែគ្រប់ទីកន្លែងក្នុងកម្ពុជា និងកំពុងបម្រើជូនដល់អតិថិជនរាប់ម៉ឺននាក់»។
ក្រេឌីត បានទទួលអាជ្ញាបណ្ណ ពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០០៤ ដើម្បីក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុជាផ្លូវការ ហើយក្នុងឆ្នាំ២០១០ បានក្លាយជាគ្រឹះស្ថានមួយ ក្នុងចំណោមគ្រឹះស្ថានដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយធនាគារជាតិ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ (MDI)។
ក្រុមហ៊ុន PhillipCapital ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុប្រចាំតំបន់ និងទូទាំងពិភពលោកដ៏ធំមួយ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានក្លាយជាម្ចាស់ភាគហ៊ុនធំ របស់ ក្រេឌីត ក្នុងឆ្នាំ២០១២ ហើយក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនមួយនេះ បានទិញយកភាគហ៊ុនដែលនៅសេសសល់ទាំងអស់ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនតែម្នាក់ឯង។
ក្រុមហ៊ុន PhillipCapital ក៏ជាម្ចាស់កម្មសិទ្ធិលើធនាគារ PhillipBank ដែលបច្ចុប្បន្ន ប្រតិបត្តិលើសាខាចំនួន៦នៅរាជធានីភ្នំពេញ ដោយផ្តល់ផលិតផល ក្នុងវិស័យធនាគារសាជីវកម្មបែបច្នៃប្រឌិតដ៏ទូលំទូលាយ ក៏ដូចជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនផ្តល់សេវាធានារ៉ប់រងជាទូទៅ Phillip General Insurance និងក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងលើអាយុជីវិត Phillip Life Assurance។
ក្រុមហ៊ុន PhillipCapital បានបង្កើនទុនរបស់ខ្លួននៅកម្ពុជា ពីទឹកប្រាក់វិនិយោគដំបូងចំនួន១០ម៉ឺនដុល្លារ ក្នុងស្ថាប័ន First Finance ដែលកាលនោះត្រូវបានគេស្គាល់ថា First Home ក្នុងឆ្នាំ២០០៩ រហូតដល់ទឹកប្រាក់ជាង១១០លានដុល្លារអាមេរិក ដែលត្រូវបានវិនិយោគនៅកម្ពុជាសព្វថ្ងៃនេះ ក្នុងធនាគារ PhillipBank គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត និងអាជីវកម្មធានារ៉ាប់រង។
ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលមានទីតាំងក្នុងប្រទេសជាង១៥ ក្រេឌីត អាចទទួលបានអត្ថប្រយោជន៍ពីអ្នកឯកទេសអន្តរជាតិ និងក្រុមការងារសកល ស្របពេលដែលស្ថាប័ននៅតែប្រកាន់ភ្ជាប់នូវបេសកកម្មដើមរបស់ខ្លួនទៅលើការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការផ្តល់សេវាហរិញ្ញវត្ថុដល់ប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល។
លោក ចាន់ ម៉ាច បានថ្លែងថា៖ «កេរិ៍តឈ្មោះរបស់ក្រេឌីត មិនត្រឹមតែទទួលបានការកោតសរសើរពីអ្នកទទួលផល និងអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ទទួលបានការកោតសរសើរពីដៃគូក្នុងស្រុក និងអន្តរជាតិរបស់យើង ក៏ដូចជាអាជ្ញាធរក្នុងតំបន់គ្រប់ជាន់ថ្នាក់ផងដែរ។ ពួកគាត់ជឿទុកចិត្ត និងផ្តល់តម្លៃឲ្យយើង ជាពិសេសទៅលើសេវាបន្ថែម មិនមែនហិរញ្ញវត្ថុ ដែលយើងផ្តល់ដល់សហគមន៍ ដោយគ្មានស្ថាប័នមីក្រូហិរញ្ញវត្ថុធំៗណាបានផ្តល់ឲ្យ ដូចជា វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាលកសិកម្ម និងវគ្គបណ្តុះបណ្តាលក្នុងនាមជាឪពុក-ម្តាយល្អ»។
ក្រេឌីត បានស្ថិតក្នុងទីតាំងឈានមុខគេ លើការអភិវឌ្ឍឥតឈប់ឈរ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានសម្របខ្លួនយ៉ាងឆាប់រហ័ស ទៅនឹងបច្ចេកវិទ្យាថ្មី និងដាក់ឲ្យដំណើរការនូវផលិតថ្មីៗជាច្រើន ដើម្បីធានាថា អតិថិជនរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ពីការសម្របខ្លួន ទៅនឹងការប្រតិបត្តិក្នុងធនាគារសកលនាសម័យទំនើប។ ដោយមិនពឹងផ្អែកតែលើភាពជោគជ័យ កាលពីមុនរបស់ខ្លួន បច្ចុប្បន្ន ក្រេឌីត កំពុងតែសម្លឹងឆ្ពោះទៅថ្ងៃអនាគត ខណៈដែលស្ថាប័ននេះ បន្តពង្រឹងភាពជាដៃគូរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន PhillipCapital។
លោក ចាន់ ម៉ាច បានបញ្ជាក់ថា៖ «យើងនឹងបោះជំហានទៅមុខ១ដំណាក់កាលទៀត ក្នុងនាមជាធនាគារពាណិជ្ជមួយ ដែលមានទ្រព្យសកម្មកាន់តែច្រើនជាងមុន។ យើងនឹងទទួលបានឱកាស ក្នុងការរៀននូវចំណេះដឹង និងទំនាញថ្មីៗជាច្រើន។ យើងនឹងផ្តល់ផលិតផលផ្នែកហិរញ្ញវត្ថុ និងសេវាកាន់តែសម្បូរណ៍បែបទៅកាន់ទីផ្សារ ដោយមានចាប់ពីការផ្តល់កម្ចីខ្នាតតូច រហូតដល់ការបម្រើដល់អតិថិជនជាក្រុមហ៊ុនសាជីវកម្ម»។
ស្របពេលដែលក្រេឌីត នឹងត្រូវបន្តដំណើររយៈពេល២៥ឆ្នាំទៅមុខទៀត អតិថិជនទាំងអស់ អាចសម្លឹងឆ្ពោះទៅកាន់ការធ្វើការ ជាមួយនឹងស្ថាប័នមួយដែលច្របាច់បញ្ចូលគ្នានូវកេរិ៍ដំណែលសង្គមដ៏រឹងមាំ និងសេវាហិរញ្ញវត្ថុផ្សេងៗដែលផ្តោតលើសហគមន៍តាមជនបទរបស់កម្ពុជា រួមជាមួយនឹងផលិតផល និងកាប្រតិបត្តិក្នុងវិស័យធនាគារជាសកលបែបច្នៃប្រឌិត ពី PhillipCapital ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដ៏សំខាន់ប្រចាំតំបន់៕