(ភ្នំពេញ)៖ មេសហជីពធំៗចំនួន៦រូប ដែលបានដឹកនាំធ្វើបាតុកម្មបង្កើតជាហិង្សា នៅលើផ្លូវវេងស្រេង ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣ និង២០១៤នោះ ត្រូវបានសាលាឧទ្ធរណ៍ ចេញសាលដីកាសម្រេចឱ្យរួចទោស នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ។ នេះបើតាម ការផ្សព្វផ្សាយរបស់សហភាពចលនាកម្មករកម្ពុជា។
មេដឹកនាំសហជីពទាំង៦រូបនោះរួមមាន៖ លោក ប៉ាវ ស៉ីណា ប្រធានសម្ព័ន្ឋសហជីពចលនាកម្មករ, លោក អាត់ ធន់ ប្រធាន សម្ព័ន្ធ សហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ី ខាវ ឌូ, លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា, លោក ជា មុន្នី អតីតប្រធានសហជីពសេរីកម្មករ , លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា និងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាផងដែរ។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់មេដឹកនាំសហជីពទាំង៦រូបនេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២៖០០ រសៀលម្សិលមិញ។ ក្រោយពីបញ្ចប់ការសួរដេញដោល សាលាឧទ្ធរណ៍បានសម្រេច៣ចំណុចរួមមាន៖ ១៖ ទទួលបណ្តឹងរបស់ថ្នាក់ដឹកនាំសហជីពទុកជាត្រឹមត្រូវ តាមទម្រង់ និងគតិច្បាប់, ២៖ បដិសេធសាលក្រមសាលាដំបូងរាជធានីភ្នំពេញចោល និង ៣៖ ឱ្យឈ្មោះ ប៉ាវ ស៉ីណា, ជា មុន្នី, យ៉ាង សោភ័ណ្ឌ, ម៉ម ញឹម, អាត់ ធន់, និង រ៉ុង ឈុន រួចខ្លួនពីបទចោទ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ឋសហជីពចលនាកម្មករ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោករីករាយទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍ ហើយចាត់ទុកថា ការលើកលែងការចោទប្រកាន់លើមេសហជីពទាំងនេះ។ លោកចាត់ទុកថា ការសម្រេចនេះជាការបើកច្រកសម្រាប់មេសហជីព ក្នុងការបំពេញកិច្ចការរបស់ខ្លួន ដោយពេញលេញគ្មានការគំរាមកំហែង។ លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ដែលបានជួយជំរុញរឿងនេះ ឱ្យបានចប់ជាស្ថាពរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿង មេដឹកនាំសហជីពចំនួន០៦រូប ពាក់ព័ន្ធនឹងករណីដឹកនាំធ្វើបាតុកម្ម នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា និងផ្លូវវ៉េងស្រេង កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ ក្រោយការជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសមេដឹកនាំសហជីព៦នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំកន្លះ ប៉ុន្តែទោសនោះត្រូវបានព្យួរមិនត្រូវបានអនុវត្តទេ ហើយបង្គាប់សងជំងឺចិត្តទៅជនរងគ្រោះជាសមត្ថកិច្ច២នាក់ ចំនួន៣៥លានរៀល។
មេដឹកនាំសហជីពទាំង៦រូបខាងលើ ត្រូវបានចោទប្រកាន់ចំនួន៤ករណីរួមមាន៖ ១៖ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ២៖ បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស, ៣៖ បទគំរាមកំហែងថានឹងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ, ៤៖ បទប្រើមធ្យោបាយដើម្បីជាឧបសគ្គ ដល់ចរាចរណ៍សាធារណៈ ប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤៕