Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលរកឃើញបង្គារមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយនៅផ្សារលើ ផ្សារទំនប់រលក ផ្សារក្តាម និងដេប៉ូចែកចាយគ្រឿងសមុទ្រស្រស់ ក្នុងខេត្តព្រះសីហនុ

29-05-2019 14:59

(ព្រះសីហនុ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ នៅថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានសហការចូលរួមពីមន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារលើ ផ្សារទំនប់រលក ដេប៉ូចែកចាយគ្រឿងសមុទ្រស្រស់ និងផ្សារក្តាមខ្មែរ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាល បរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ បបែល អយស្ទ័រ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គារមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ នៅតូបលេខ៨២៦ ចំនួន ៨០គីឡូក្រាម បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ ម្អូបអាហារមិនប្រក្រតីបន្តទៀត។

ក្នុងថ្ងៃដដែល មន្រ្តីជំនាញបានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕