(ភ្នំពេញ)៖ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ បានអនុវត្តល្អនាពេលកន្លងមក ហើយការចុះត្រួតពិនិត្យនឹងអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅតាមសាលារៀននេះ គឺពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព សិស្សានុសិស្ស ដែលជាអនាគតទំពាំងស្នងឫស្សីរបស់ជាតិ។
លោក មុំ គង់ បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកចូលរួម ក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងគ្រឹះស្ថានសិក្សា» នៅមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ។
ពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់រាជធានីភ្នំពេញ និងមានការចូលរួមពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកវេជ្ជៈបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក រួមទាំងលោកគ្រូ អ្នកគ្រូ ប្រមាណជិត ១,០០០នាក់ផងដែរ។
លោក មុំ គង់ បានថ្លែងថា ពាក់ព័ន្ធទៅនឹងការអនុវត្ត បរិស្ថានគ្មានផ្សែងបារី នៅក្នុងសាលារៀន នៅក្នុងរាជធានីភ្នំពេញនេះ យើងឃើញថា គាត់អនុវត្តបានល្អ កន្លងមក ទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនទាន់មានការសិក្សា ចុះតាមដានណាមួយ ដែលបញ្ជាក់ពីលទ្ធផល ពិតប្រាកដទេ ហើយដែលការសិក្សាចុះតាមដាន ទាក់ទងការអនុវត្តនេះ យើងនឹងធ្វើនៅខែក្រោយ តើការអនុវត្តន៍របស់គាត់ បានដល់កម្រិតណា?។
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាព បានបន្ថែមថា ពាក់ព័ន្ធទៅនឹង ការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី អង្គការចលនាសុខភាព បានធ្វើជាយូររួចមកហើយ តាំងពីឆ្នាំ២០០១ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចេញជាសារាចរណ៍ថា «ហាមមិនឲ្យជក់បារី នៅក្នុងសាលារៀន»។ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជា លើសពី២លាននាក់ ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមានអ្នកជក់បារីជាង ១.៥លាននាក់ និងអ្នកចុកថ្នាំជក់ មានជិត០.៥លាននាក់។
លោកវេជ្ជៈបណ្ឌិត យ៉ិល ដារ៉ាវុធ បានលើកឡើងដែរថា ទាក់ទងនឹងបរិស្ថានគ្មានផ្សែងបារីនេះ ឃើញថា ការជក់បារីគឺនៅតែមានបញ្ហាជក់ នៅតាមភោជនីដ្ឋាន នៅតាមសណ្ឋាគារមួយចំនួន ដែលមានភ្ញៀវនៅតែបន្តជក់បារី ទោះបីជាម្ចាស់ភោជនីដ្ឋានបានណែនាំយ៉ាងក៏ដោយ ដោយហេតុថា នៅមិនទាន់មានការផាកពិន័យនៅឡើយ។ តែទោះជាយ៉ាងនេះក្តី ក៏មានសណ្ឋាគារមួយចំនួន បានក្លាយជាសណ្ឋាគារគ្មានផ្សែងបារីតែម្តង ដែលការងារនេះ មានការចូលរួមយ៉ាងខ្លាំងពីក្រសួងទេសចរណ៍ផងដែរ។
សូមរំលឹកដែរថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានខាតបង់ថវិកាប្រមាណ ១៦៣លានដុល្លារអាមេរិក ទៅលើកការព្យាលបានជំងឺ និងការបាត់បង់កំលាំងពលកម្ម។ ជាងនេះទៅទៀតទឹកប្រាក់ ដែលប្រជាពលរដ្ឋកម្ពុជា បានចំណាយទៅលើការទិញបារីជក់មានប្រមាណ ២០១ លានដុល្លាអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់ លោក ហែម ស៊ីណារ៉េត៕