(ភ្នំពេញ)៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់រាជធានីភ្នំពេញ បានថ្លែងជំរុញឲ្យនាយកសាលា លោកគ្រូ អ្នកគ្រូ នៅតាមស្ថាប័នអប់រំទាំងអស់ ត្រូវចូលរួមជួយផ្សព្វផ្សាយ ការអនុវត្តន៍កម្មវិធីបរិស្ថានគ្មានផ្សែងបារីឱ្យបានកាន់តែទូលំទូលាយ នឹងឱ្យបានស៊ីជម្រៅ ដល់សិស្សានុសិស្សនៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីឱ្យយុវជន ដែលជាទំពាំងស្នងឫស្សី បានយល់ពីបញ្ហាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងបារី។
លោកស្រី កែវ សុខពិសី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងគ្រឹះស្ថានសិក្សា» នៅមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ។ ពីធីនេះក៏មានការចូលរួមពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកវេជ្ជៈបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក រួមទាំងលោកគ្រូ អ្នកគ្រូជិត ១,០០០នាក់ផងដែរ។
លោកស្រី កែវ សុខពិសី បានថ្លែងថា ការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី ក្នុងរាជធានីភ្នំពេញមិនមែនជារឿងមួយដែលថ្មីនោះទេ ព្រោះតែរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ តាំងតែពីឆ្នាំ២០១៣មកម្ល៉េះ ដោយបានបង្កើតក្រុមការងារគ្មានផ្សែងបារី នៅតាមថ្នាក់រាជធានី និងថ្នាក់ខណ្ឌ ហើយបានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ និងបានណែនាំឱ្យសង្កាត់ទាំងអស់ ដាក់បញ្ជូលកម្មវិធីបរិស្ថានគ្មានផ្សែងបារីនេះ នៅក្នុងផែនការសកម្មភាពសម្រាប់អនុវត្តន៍ក្នុងសង្កាត់ផងដែរ ដោយបានដាក់ស្លាកហាត់ឃាត់ជក់បារី នៅតាមបរិវេណរមណីប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមកន្លែងមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញផងដែរ។
លោកស្រីបានបន្តទៀតថា មន្ត្រីទាំងអស់ក៏បានចុះផ្សព្វផ្សាយច្បាប់ស្តីពីផលិតផលថ្នាំជក់ និងបានចែកផ្លាកសញ្ញាហាមជក់បារី ជាមួយនឹងការធ្វើយុទ្ធនាការបង្ហាញពីផលប៉ះពាល់ ពីការប្រើប្រាស់ថ្នាំជក់ជាច្រើនលើកផងដែរ។ ជាលទ្ធផលការអង្គេតការអនុវត្តន៍ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា ឃើញថា ប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងច្រើន ពីការហាមឃាត់ការជក់បារី ទាំងនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ជាមួយគ្នានោះដែរ ស្លាកសញ្ញាផ្សព្វផ្សាយថ្នាំជក់ នៅតាមទីសាធារណៈ ក៏មានការថយចុះគួរឱ្យគត់សំគាត់ផងដែរ។
លោក ហែម ស៊ីណារ៉េត បានលើកឡើងដែរថា ការប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កជំងឺរាំរ៉ៃជាច្រើនដល់ទាំងអ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេ ដូចជា ជំងឺមហារីកសួត ជំងឺផ្លូវដង្ហើម ជំងឺស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល ហើយចំពោះស្រ្តីមានផ្ទៃពោះ ដែលស្រូបផ្សែងបារីពីគេ បណ្ដាលឱ្យកូនកើតមុនពេលកំណត់ កើតមកមិនប្រក្រតី ឬកើតមកស្លាប់ ជាដើម។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានខាតបងថវិកាប្រមាណ ១៦៣លានដុល្លារអាមេរិក ទៅលើការព្យាលបានជំងឺ និងការបាត់បង់កំលាំងពលកម្ម។ ជាងនេះទៅទៀតទឹកប្រាក់ដែលប្រជាពលរដ្ឋកម្ពុជា បានចំណាយទៅលើការទិញបារីជក់មានប្រមាណ ២០១លានដុល្លាអាមេរិក។
លោកបានបន្ថែមទៀតថា ការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅក្នុងគ្រឹះស្ថានសិក្សា គឺជាវិធានការមួយដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយក៏ជាការអនុលោមតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងអនុក្រឹត្យស្តីពី ការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវតែស្វែងយល់ពីភារកិច្ចរបស់ខ្លួនឱ្យបានជាក់លាក់ ក្នុងនាមជាថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ដើម្បីអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅក្នុងសាលារបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕