(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវទទួលបាននូវការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីបញ្ហាសុខទុក្ខ បញ្ហាជីវភាពរស់នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈទាំងអស់។
ការមានប្រសាសន៍បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រគល់រថយន្តគិលានសង្គ្រោះ ទី៣៥ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារ ដោយមានការចូលរួមពីសំណាក់លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយ៉ាងច្រើន នៅបញ្ជាការដ្ឋានបញ្ជូនសារ។
នាយឧត្តមសេនីយ៍បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈការផ្តល់រថយន្តគិលានសង្គ្រោះ និងសម្ភារនានា នេះគឺជាការយកចិត្តទុកដាក់មួយដ៏ធំណាស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់កងយោធពលខេមរភូមិន្ទ ហើយការជួយរបស់សម្តេច មិនមែនតែងរថយន្តសង្គ្រោះទេ ជានិច្ចកាល និងជារៀងរាល់ថ្ងៃសម្តេចតែងតែឱ្យខ្ញុំរាយការណ៍ជូនសម្តេចជុំវិញ បញ្ហាសុខទុក្ខ និងជីវភាពរបស់យោធិនយើងទាំងអស់»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ សម្តេចក៏បានប្រគល់រថយន្តគិលានសង្គ្រោះបន្ទាន់លើកទី៣៥គ្រឿង ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់តាមរយៈអ្នកឧកញ៉ា ជា រតនា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្ដេច ដើម្បីជួយទ្រទ្រង់ និងផ្ដល់គ្រប់លទ្ធភាពដល់គិលានដ្ឋាន គ្រប់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីឱ្យរថយន្តគិលានដ្ឋាននេះ មានលទ្ធភាព ក្នុងការប្រើប្រាស់ចល័តជួយសង្គ្រោះ និងព្យាបាលដល់យុទ្ធជំងឺរបួស និងប្រជាពលរដ្ឋដែលនៅជិតមូលដ្ឋានកងទ័ពផងដែរ។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកថា រថយន្តគិលានសង្គ្រោះបន្ទាន់ ដែលបានផ្ដល់ជូនដល់គិលានដ្ឋាន នៃបញ្ជាការដ្ឋានបញ្ជូនសារនាពេលនេះ មិនមែនសម្រាប់តែកងទ័ពប៉ុណ្ណោះទេ។ ក៏ប៉ុន្តែក៏នឹងត្រូវជួយដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះជាប្រជាពលរដ្ឋ ដែលនៅជិតមូលដ្ឋានកងទ័ពទៅកាន់មន្ទីរពេទ្យ។ ដូច្នសូមក្រុមគ្រូពេទ្យយោធា ក្នុងបញ្ជាការដ្ឋានបញ្ជូនសារ សូមប្រើប្រាស់រថយន្តគិលានសង្គ្រោះនេះ ជាលក្ខណៈមនុស្សធម៌ ដោយមិនមានគិតពីកម្រៃផងដែរ។
ជំនួសមុខឱ្យនាយទាហាន ពលទាហាន នៅក្នុងបញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការបានសំដែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាយវិការមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការខ្វះខាតរបស់កងយោធពលខេមរភូមិន្ទនៅគ្រប់ទីកន្លែង៕