(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ភេសជ្ជៈកម្ពុជាកូកា-កូឡា បានរួមគ្នាបន្តធ្វើការឆ្លើយតបនឹងការគ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជា តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតថ្មី ១គ្រឿងទៀត ដែលមានតម្លៃជិត២ម៉ឺនដុល្លារ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតថ្មី ១គ្រឿងនេះ អាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ១១០០នាក់ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។ នៅក្នុងពិធីសម្ពោធមានការចូលរួមជាអធិបតីពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក រស់ សោភា បានឲ្យដឹងថា៖ «ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល៥ឆ្នាំ»។
លោកបន្តថា អង្គការ Planet Water នឹងត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់។ លោកបន្តទៀតថា ក្រុមហ៊ុនកូកា-កូឡា មានមោទនភាព ដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោង ដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើន នៅទូទាំងពិភពលោក។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា ការសម្រេចបំពាក់ប្រព័ន្ធចម្រោះទឹកស្អាតនេះឡើង គឺជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរដែនដី ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈមានទឹកស្អាតបរិភោគគ្រប់គ្រាន់ ធានាឲ្យសិស្សមានសុខភាពល្អហើយទៅសាលារៀនបានទៀងទាត់។ លោកបានបញ្ជាក់ថា អាជ្ញាធរនឹងពង្រីកការផ្តល់ប្រព័ន្ធទឹកស្អាតនេះទៅ សាលារៀនផ្សេងៗទៀត ដើម្បីជាគុណប្រយោជន៍របស់សិស្សានុសិស្ស ធានាឲ្យពួកគេមានសុខភាពល្អបរិបូរណ៌ ក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។
លោក រស់ សោភា តំណាងក្រុមហ៊ុនកូកាកូឡា បានឲ្យដឹងថា ប្រព័ន្ធចម្រោះទឹកស្អាត ថ្មីនេះបានបន្សុទ្ធទឹកឲ្យមានភាពស្អាត ១០០ភាគរយ ហើយតាមការពិសោធន៍នៅក្នុងឡាបូ ក៏បានបញ្ជាក់ពីភាពស្អាត និងសុវត្ថិភាពសម្រាប់អ្នកបរិភោគផងដែរ។ លោកបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញក្រុមហ៊ុននេះនឹងបន្តកម្មវិធីលើកកម្ពស់សុខភាព ការប្រើប្រាស់ទឹកស្អាត និងការថែរក្សាអនាម័យបរិស្ថាននៅតាសាលារៀននានាមួយ ចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយលើកកម្ពស់ សុខុមាលភាពសាធារណៈ ពិសេសសិស្សានុសិស្ស។
សូមបញ្ជាក់ថា នេះគឺជាប៉មចម្រោះទឹកស្អាតទី៤ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅក្នុងឆ្នាំ២០១៩នេះ បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ១៨ផ្សេងទៀត ដែលក្រុមហ៊ុន បានដំឡើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការ ជាមួយអង្គការ Planet Water ដែលមានការដំឡើង ប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។
ក្រុមហ៊ុនកូកា-កូឡា បានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ៣ទៀត នឹងត្រូវដំឡើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុង ឆ្នាំបន្ទាប់ៗទៀត។
ក្រុមហ៊ុនកម្ពុជាកូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន១៨ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៤ ,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០,០០០នាក់។ តួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើង ១,៥ដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៣បន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ៕