(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ កម្ពុជាបានរៀបចំពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ ដែលបានធ្វើពលីកម្ម លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុសន្តិភាព នៃបេសកកម្មរបស់ អ.ស.ប ដែលមានតំលៃមិនអាចកាត់ថ្លៃបាន។
ពិធីនេះឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្ដិភាព និងមានការចូលរួមពី តំណាងអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានបញ្ជាក់ថា រយៈពេល១៣ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្ម មួយរបស់ អ.ស.ប បានបញ្ជូនកម្លាំង ចូលរួមបេសកកម្ម សរុបចំនួន ៦,២៧៨រូប ក្នុងនោះមាននារីចំនួន៣១៥នាក់ ទៅកាន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ មានជាអាទិ៍៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូងឆាដ លីបង់ ស៊ីរី សាយប្រឹស ម៉ាលី និងអាហ្វ្រិកកណ្តាល។
នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានថ្លែងទៀតថា កម្ពុជាសូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះគ្រប់កងកម្លាំងរក្សាសន្តិភាព និងអតីតកងរក្សាសន្តិភាព ពិសេសកងទ័ពមួកខៀវកម្ពុជាដែលស្ម័គ្រចិត្ត ចូលរួមចំណែកក្នុងបេសកកម្ម ដែលបច្ចុប្បន្នប្រឈមនឹងភាពស្មុគស្មាញ ព្រមទាំងមានហានិភ័យខ្ពស់។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណី កម្លាំងរក្សាសន្តិភាពប្រមានជាង១៥,០០០នាក់ នគរបាលស៊ីវិលប្រមាណជាង ៣,០០០នាក់ និងបុគ្គលិកស៊ីវិល អ.ស.ប ចំនួន៩០០នាក់ ដែលមកពី៤៥ប្រទេស បានចូលរួមយ៉ាងសកម្ម ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣។ តែជាអកុសល កងរក្សាសន្តិភាពទាំងយោធា និងស៊ីវិល ចំនួន៨២នាក់ បានពលីជីវិតក្នុងទឹកដីកម្ពុជា។
ប្រមាណជាង១៣ឆ្នាំ ក្រោយពី UNTAC បានដកចេញ ពីប្រទេសកម្ពុជា កម្ពុជាក៏បានក្លាយជាប្រទេសបរិច្ចាគ ដោយបានបញ្ជូនកម្លាំងរបស់ខ្លួន ទៅស្វែងរក សុខសន្តិភាព ជូនបណ្តាប្រទេស និងប្រជាជាតិ ដែលរងទុក្ខវេទនា ដូចកម្ពុជាដែរ។ គិតចាប់ពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន វីរយុទ្ធជនកម្ពុជា ចំនួន០៩រូប បានពលីជីវិតលើសមរភូមិ នៃតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និងអាហ្វ្រិកកណ្តាល។ នេះជាអ្វីដែល នាយឧត្ដមសេនីយ៍ គូសបញ្ជាក់។
ជំនួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិ និងក្នុងនាមនាយឧត្តមសេនីយ៍ផ្ទាល់ នឹងចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណតំលៃដ៏ថ្លៃថ្លានេះ ដោយចារិកទុកក្នុងក្រអៅបេះដូង នៃប្រជាជនកម្ពុជាទាំងមូល។ វីរយុទ្ធជនយើងបានពលីជីវិតទៅហើយក្តី តែបានបន្សល់ទុក នូវគំរូវីរភាពស្នាដៃដ៏ធំធេង ដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើង ក្នុងស្មារតីបង្រួបបង្រួមជាតិ និងជួយទ្រទ្រង់ដល់ប្រទេសលើពិភពលោក ឲ្យមានសុខសន្តិភាពប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តម។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានអះអាងថា កម្ពុជាបានបន្តត្រៀមកម្លាំងចំនួន០៣កងអនុសេនាធំ (កងវិស្វកម្ម កងអាវុធហត្ថ និងកងបោសសំអាតមីន) ទាំងកម្លាំង រចនាសម្ព័ន្ធបញ្ជីសម្ភារ បរិក្ខារ ដែលមានស្រាប់ក្នុងប្រព័ន្ធត្រៀមបម្រុង (UNPCRS) អាចចេញបំពេញបេសកកម្ម បានទាន់ពេលវេលា តាមការស្នើសុំរបស់ អ.ស.ប។
ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដែលអាចកើតឡើង ជាយថាហេតុ សូមវីរយុទ្ធជន យុទ្ធនារីទាំងអស់ខិតខំ ប្រឹងប្រែងបង្កើនស្មារតីប្រុងប្រយ័ត្ន យកអស់កម្លាំងកាយ ចិត្តពង្រឹងការហ្វឹកហាត់ជំនាញវិជ្ជាជីវៈ ស៊ូបង្ហូរញើស លើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ ព្រមទាំងអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិ៕