Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពអនុវត្តការងារសាងសង់ និងការពារច្រាំងទន្លេមេគង្គ នៅខេត្តកំពង់ចាម

29-05-2019 12:01

(កំពង់ចាម)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុវត្តការងារសាងសង់ និងការពារច្រាំងទន្លេមេគង្គ នៅខេត្តកំពង់ចាម ដែលចាប់ផ្តើមការងារពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។

ការចុះត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពអនុវត្តការងារសាងសង់ និងការពារច្រាំងទន្លេមេគង្គ នៅខេត្តកំពង់ចាមនេះ មានការអមដំណើរដោយលោក ម៉ៅ ហាក់ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមផងដែរ។

ការងារកសាងច្រាំងទន្លេនៅមុខទីរួមខេត្តកំពង់ចាមនេះ ក៏ដូចជាការងារនៅចំណុចមួយទៀត នៅឃុំព្រែកដំបង ស្រុកមុខកំពូល ដែលមានការខូចខាតធ្ងន់ធ្ងរ ហើយសុទ្ធសឹងជាថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នបាននឹងកំពុងដំណើរការយ៉ាងសកម្ម។

ដោយឡែកចំពោះការដ្ឋានសាងសង់ច្រាំងទន្លេ ដែលមានការខូចខាតធ្ងន់ធ្ងរក្នុងរយៈពេលកន្លងទៅនេះលើប្រវែង ១៧០ម៉ែត្រ ដែលតម្រូវឲ្យមានការស្ថាបនាសារជាថ្មី។ ការងាររួមមាន៖

១៖ រុះរើសំណង់ចាស់ និងសម្អាតទីតាំងសារជាថ្មី។
២៖ រៀបចំសំណង់ច្រាំងសារជាថ្មី ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ២០%។

ក្នុងដំណើរបេសកកម្មត្រួតពិនិត្យនាពេលនេះ លោករដ្ឋមន្រ្តី បានរណែនាំជាលក្ខណៈបច្ចេកទេស ដែលធានាដល់ស្ថិរភាព សំណង់យូរអង្វែងរាប់តាំងពី ការសម្អាតគ្រឹះសំណង់, ការចាក់គ្រឹះសំណង់, ការរៀបចំធ្នឹមបណ្តោយ ដែលការពារដល់ភាពរអិលចុះក្រោម (Sliding), ការគិតគូរម៉ត់ចត់ដល់ពេលរៀបខឿនការពារ ដោយតម្រូវឲ្យមានការគិតគូរខ្ពស់អំពីជំរាប (Seepage) ដែលដាច់ខាតត្រូវមានរន្ធបង្ហូរជាចំបាច់ (Drain)។ល។

នាឱកាសនោះ រដ្ឋមន្ត្រី លឹម គានហោ បានកោតសរសើរចំពោះអ្នកបច្ចេកទេស ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន និងបន្តខិតខំធ្វើយ៉ាងណាឲ្យសំណង់រួចរាល់ទាន់រដូវទឹកឡើង៕