Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីអ្នកយកព័ត៌មានមួយក្រុម ឈ្លោះជាមួយមន្រ្តីគយនៅច្រកព្រែកចាក, រដ្ឋមន្រ្តីព័ត៌មានថា «តាមច្បាប់អាជ្ញាធរអាចប្តឹងបានពីការប្រមាថមន្ត្រី ដែលកំពុងបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន» (Video inside)

29-05-2019 11:15

(កំពត)៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត មានករណីទំនាស់មួយបានកើតឡើង ស្ទើរតែងផ្ទុះហិង្សាធ្ងន់ធ្ងរ ទៅហើយ រវាងអ្នកយកព័ត៌មានមួយក្រុមប្រមាណជាង ១០នាក់ និងមន្ដ្រីគយប្រចាំនៅប៉ុស្ដិ៍នោះតែម្ដង ពាក់ព័ន្ធទៅនឹងការយកព័ត៌មានពីការដឹកទំនិញឆ្លងកាត់។

យោងតាមវីដេអូដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook អ្នកយកព័ត៌មានមួយក្រុមមិនទាន់ដឹងថា ស្ថិតនៅអង្គភាពណានោះ បានចុះទៅផ្សាយផ្ទាល់ពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទ ដែលនាំឲ្យផ្ទុះជម្លោះដាក់គ្នារហូតចង់ប្រើអំពើហិង្សាទៀតផង។

ពាក់ព័ន្ធករណីនេះរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីអាជ្ញាធរអាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថ ខណៈដែលពួកគេកំពុងបំពេញ ភារកិច្ចរបស់ខ្លួន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមច្បាប់ អាជ្ញាធរអាចប្តឹងបានពីការប្រមាថមន្ត្រី ដែលកំពុងបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»

ដោយឡែកប្រធានការិយាល័យគយ និងរដ្ឋាករខេត្តកំពត លោក ហេង សំបូរ បានថ្លែងឲ្យដឹងថា អង្គភាពរបស់លោក បាននិងកំពុងពិចារណា ពិភាក្សាជាមួយមេធាវីរបស់ខ្លួន ដើម្បីដាក់ពាក្យបណ្ដឹងទៅលើអ្នកយកព័ត៌មានទាំងនេះ ទៅកាន់សាលាដំបូងខេត្តកំពតទៀតផង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ហេង សំបូរ បានបញ្ជាក់ថា មុនពេលមានរឿងនេះកើតឡើង អ្នកយកព័ត៌មានដែលលោកអះអាងថា ដូចជាប្រធានក្លឹបឯករាជ្យផងនោះ ប្រមាណជាង ១០នាក់ បានចូលទៅក្នុងបរិវេណប៉ុស្ដិ៍ព្រែកចាក ខណៈដែលមន្ដ្រីគយរបស់លោកកំពុងបំពេញភារកិច្ច ហើយពួកគេបានផ្សាយផ្ទាល់ពីការដឹកទំនិញ ដូចជា ប្រេងឆា មី និងត្រីខ ពីប្រទេសវៀតណាម ដោយគ្មានការអនុញ្ញាតជាមុន។ ទើបនៅពេលនោះមន្ដ្រីរបស់លោក ដែលជាមេប៉ុស្ដិ៍គយព្រែកចាក បានកញ្ឆកយកទូរស័ព្ទមិនឲ្យឡាយទើបផ្ទុះជម្លោះយ៉ាងដូច្នេះ។ មន្ដ្រីគយរូបនេះ បានបញ្ជាក់ទៀតថា បើសិនជាអ្នកយកព័ត៌មានខាងលើ មកសុំសម្ភាសន៍ត្រឹមត្រូវ មន្ដ្រីរបស់លោក នឹងផ្ដល់ជូនព័ត៌មានជាក់ជាមិនខានឡើយ។

យោងតាមសកម្មភាព នៅក្នុងវីដេអូមួយនេះ អ្នកយកព័ត៌មានបានថតឡាយនៅលើបណ្ដាញសង្គម Facebook និងស្រែករិះគន់ខ្លាំងៗ ទៅលើមន្ដ្រីគយពីររូប និងដេញថតរហូតដល់បន្ទប់ធ្វើការទៀតផង។

យ៉ាងណាក៏ដោយ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីក្រុមអ្នកយកព័ត៌មានខាងលើនេះ បាននៅឡើយទេ នៅព្រឹកថ្ងៃដដែលនេះ៕