(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថបាននិងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃដល់ ដែលបាញ់ប្រហារនារីម្នាក់ នៅក្នុងក្លឹប «លុច្សសារី» ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ បណ្ដាលឲ្យរងរបួសធ្ងន់។
ជនដៃដល់ដែលសមត្ថកិច្ចអះអាងថា មានចំនួន២នាក់ ក្នុងនោះម្នាក់ជាកូនប្រុសមន្ដ្រីជាន់ខ្ពស់ នៅក្រសួងកិច្ចការនារី និងមានក្របខ័ណ្ឌជាមន្ដ្រីយោធាទៀតផង។
លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងអាវុធហត្ថរបស់លោកកំពុង តែកសាងសំណុំរឿង និងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់ក្នុងករណីបាញ់ប្រហារនេះ។
លោក ថោង ពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីនេះខ្ញុំបានទទួលបទបញ្ជាហើយ កំពុងកសាងសំណុំរឿងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ»។
យោងតាមព័ត៌មានពីសមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានជនដៃដល់ម្នាក់ គឺជាកូនប្រុសរបស់លោកស្រីអនុរដ្ឋលេខាធិការម្នាក់។ បច្ចុប្បន្នពួកគេទាំងពីរនាក់ កំពុងរត់គេចខ្លួន។
សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹប «លុច្សសារី» ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីផ្ទុះអាវុធបណ្តាលឲ្យរងរបួសនារីម្នាក់នេះ ជនរងគ្រោះឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ដោយឡែកខ្មាន់កាំភ្លើងទាំង២នាក់នោះ បានប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។
សមត្ថកិច្ចបានអះអាងទៀតថា ករណីផ្ទុះអាវុធ បណ្តាលឲ្យរងរបួសផ្តើមចេញពីការប្រចណ្ឌ៕