(ភ្នំពេញ)៖ លោក ផែង វណ្ណៈ ដែលត្រូវបានចាប់ខ្លួនពីបទញុះញង់នោះ ត្រូវបានឆ្មាំពន្ធនាគារ នាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីសាកសួរឆ្លើយតបទៅនឹងបណ្តឹងរបស់ លោក ខាន់ សុវណ្ណ ដែលជាអ្នកអត្ថាធិប្បាយនៅលើបណ្តាញសង្គម Facebook។ សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការបើកការសួររបស់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ការកោះហៅជនត្រូវចោទ ផែង វណ្ណៈ ឱ្យចូលមកបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបានសាកសួរដើមបណ្តឹង គឺលោក ខាន់ សុវណ្ណ ពាក់ព័ន្ធនឹងការដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ចំនួន៥បទល្មើស កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ នៅក្នុងការឆ្លើយបំភ្លឺក្នុងនាមដើមបណ្តឹងនេះ លោក ខាន់ សុវណ្ណ បានរក្សាជំហរប្តឹង លោក ផែង វណ្ណៈ ដដែលដោយឥតមានការកែប្រែនោះទេ។

បណ្តឹងលោក ខាន់ សុវណ្ណ ដែលប្តឹងលោក ផែង វណ្ណៈ ចំនួន៥ករណីនោះ រួមមាន៖ បទហិង្សាដោយចេតនា, គំរាមថានឹងសម្លាប់, បរិហារកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ដែលលោកផែង វណ្ណៈ ដែលបំពានទៅលើលោក ខាន់ សុវណ្ណ ជាបន្តបន្ទាប់មុនពេលចាប់ខ្លួន។ ក្នុងពាក្យបណ្ដឹងនោះ លោក ខាន់ សុវណ្ណ បានស្នើសុំឱ្យតុលាការផ្ដន្ទាទោសលោក ផែង វណ្ណៈ តាមផ្លូវច្បាប់ ហើយទាមទារសំណងការខូចខាត ចំនួន១លានដុល្លារ និងសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារ និងការខាតបង់ពេលវេលាសេវាកម្មច្បាប់១ម៉ឺនដុល្លារផងដែរ។

លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

ការចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោក គី តិច បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន និងមានចេតនាពេញទី គោលបំណងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែកកាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន ក៏បានដាក់ពាក្យបណ្តឹងចូល សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹង លោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះ បានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋានច្បាស់លាស់។

នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំងអស់ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ៕