(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដធំ៥គ្រឿង និងរថយន្តតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរសិទ្ធិ, ប្រជែង, និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣១១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣៩នាក់ របួសធ្ងន់៣០២នាក់ និងរបួសស្រាល១៤៨នាក់៕