(ព្រះវិហារ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតបែងចែក ដីឡូតិ៍ជូនប្រជាពលរដ្ឋ ចំនួន១៨០គ្រួសារ ដើម្បីបញ្ចប់វិវាទដីធ្លីចំណុចស្វាយជ្រំ ក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ ឲ្យមករស់នៅទីតាំងស្របច្បាប់ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុកជាំក្សាន្ត នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១៨០គ្រួសារ បានតាំងទីលំនៅមិនរៀបរយក្នុងតំបន់អភិរក្សរម្មណីយដ្ឋានប្រាសាទព្រះវិហារ។ នៅចុងឆ្នាំ២០១១ យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់រម្មណីយដ្ឋានប្រាសាទព្រះវិហារ ទេីបអាជ្ញាធរជាតិប្រាសាទព្រះវិហារតំរូវអោយប្រជាពលរដ្ឋទាំងនេះផ្ទេរលំនៅដ្ឋានមកនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ប៉ុន្តែពួកគាត់មិនព្រម ហេីយបានខិតខំតវ៉ាគ្រប់រូបភាពរហូតដល់ក្រសួង ស្ថាប័ននានា។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត ព្រះវិហារ និងក្រសួងស្ថាប័នជំនាញ ជាពិសេសក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទេីបឈានដល់ដំណោះស្រាយបញ្ចប់ដែលអាចទទួលយកបាននៅថ្ងៃនេះ។
លោកអភិបាលខេត្តបានលើកឡើងថា ដីឡូតិ៍ដែលត្រូវចែកជូនបងប្អូនអតីតប្រជាពលរដ្ឋនៅចំនុចស្វាយជ្រុំនាឱកាសនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ហេីយក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលពុំមានដីអាស្រ័យផល។ លើសពីនោះទៀត លោកអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំង១៨០គ្រួសារ ដែលទទួលបានដីនាឱកាសនោះត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួន និងសូមកុំលក់ដូរដីនេះ និងចូលរួមលេីកកំពស់តម្លៃជាសកលរបស់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក៕