(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូង ដើម្បីផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ក្រសួង ព្រមទាំងប្រកាសសមាសភាពរបស់គណៈកម្មាធិការ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងការពារជាតិ ត្រូវបានបង្កើតឡើង ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈសេចក្តីប្រកាសមួយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
ប្រធានគណៈកម្មាធិការនេះ គឺនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ អមដោយអនុប្រធាន២រូប នោះគឺ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះ និងនាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងមានសមាសភាពសរុប៩រូប។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត តួនាទីភារកិច្ចរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន មានដូចខាងក្រោម៖
* ធ្វើជាសេនាធិការ ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន
* លើកយោបល់ ស្នើសុំគោលការណ៍សម្រេចពី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
* ចាត់តាំងអប់រំ ផ្សព្វផ្សាយ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការប្រើប្រាស់ ការជួញដូរ និងប្រយុទ្ធប្រឆាំង
គ្រឿងញៀនតាមបណ្តាអង្គភាព
* មានភារកិច្ចបណ្តុះបណ្តាលជនបង្គោល ដើម្បីអប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ ការជួញដូរ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមបណ្តាអង្គភាព
* បូកសរុបរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិប្រចាំខែត្រីមាសឆ្នាំ។
អនុប្រធានគណៈកម្មាធិការ និងសមាជិក ត្រូវចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន គណៈកម្មាធិការ ។
ប្រការ៤ គណៈកម្មាធិការ មានសិទ្ធិប្រើប្រាស់ត្រា របស់ក្រសួងការពារជាតិផងដែរ៕