(ភ្នំពេញ)៖ ហេតុការណ៍ឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយយុវជនម្នាក់បានកាន់ដែកទីបលួចដើរចូលវាយសម្លាប់បុរសម្នាក់រហូតផ្តាច់ជីវិត ខណៈជនរងគ្រោះកំពុងអង្គុយលេងមិនដឹងខ្លួន នេះបើយោងតាមវិដេអូមួយបង្ហោះនៅលើ Facebook ឈ្មោះ «Prommony Mean» ដែលអះអាងថាជាបងប្រុសរបស់ជនរងគ្រោះ។
Facebook ដែលអះអាងជាបងប្រុសជនរងគ្រោះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅហាងថតរូបល្អបេញចិត្តសាខាអូឡាំពិច រាជធានីភ្នំពេញ។ បងប្រុសជនរងគ្រោះបានសរសេររៀបរាប់ថា «នេះជាវីដេអូដែលឃាតកបានវ៉ៃសម្លាប់ប្អូនប្រុសរបស់ខ្ញុំ ហេតុអី្វក៏អ្នកសាហាវខ្លាំងម្ល៉េះ? ខ្ញុំមិនចង់ហ៊ានមើលទេ! ភស្តុតាងប៉ូលិសប្រមូលយកអស់ហើយ សូមសមត្ថកិច្ចមេត្តាតាមចាប់ជនប្រព្រឹត្តិនោ បានយកមកផ្តន្ទាទោស តាមច្បាប់ឆាប់ៗនេះ។ សូមបញ្ជាក់៖ កើតហេតុនៅក្នុងហាងថតរូប ល្អពេញចិត្តសាខាអូរឡាំពិច រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧/០៥/២០១៩ វេលាម៉ោង៥ល្ងាច»។
ជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិតហើយ ដោយសារផុងបែកស្រាំលលាក្បាលធ្ងន់ធ្ងរខ្លាំងពេកមិនអាចសង្រ្គោះបាន។ បងប្រុសជនរងគ្រោះ សូមអំពាវនាវឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ តាមចាប់ជនដៃដល់មកដាក់ទោសទណ្ឌតាមច្បាប់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ Fresh News មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាននៅឡើយទេ ពាក់ព័ន្ធអត្ថសញ្ញាណជនដៃដល់៕