(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដើម្បីអប់រំផ្សព្វផ្សាយ ឈានទៅទប់ស្កាត់គ្រោះថ្នាក់ចរាចរឲ្យថយចុះមកចំនួនទាប។

ពិធីនេះបានរៀបចំនៅសាលប្រជុំរបស់សាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិក្សានុសិស្សនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានលេីកឡេីងថា ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២នេះ ក្នុងគោលបំណងផ្សព្វផ្សាយទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរផ្លូវគោកឲ្យមកចំនួនទាប។

លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងក្នុងនាមជាគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាមផ្លូវថ្នល់ ត្រូវចូលរួមអនុវត្តឲ្យបាន នូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរ»។

ត្រង់ចំណុចនេះ លោក យន្ត មីន បានស្នើដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការដូចខាងក្រោមនេះ ឲ្យបានទាំងអស់គ្នា៖

១- មុនបើកបរ ត្រួវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់

២- បើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិ ភាពឲ្យបានគ្រប់គ្នា

៣- អ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពព្រោះមួកសុវត្ថិភាពព្រោះ"មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់"

៤- បន្ថយល្បឿនបើកបរ តាមស្ថានភាពផ្លូវស្ថានភាពចរាចរណ៍ ផ្លូវប្រសព្វ ផ្លូវចង្អៀត ឬផ្លូវរអិល

៥- មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ផ្លូវខាងមុខទំនេរ សុវត្ថិភាព ចៀសវាងវ៉ាជែងដោយ ប្រថុយប្រថានបង្កឲ្យមានគ្រោះថ្នាក់ដោយយថាហេតុ

៦- បើកបរត្រូវគោរពសិទ្ធិអាទិភាព

៧- បើពិសាគ្រឿងស្រវឹង កុំបើកបរ

៨- រថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញ កុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់

៩- ត្រូវមានក្រមសីលធម៌ របស់អ្នកបើកបរចំនួន ១០ចំណុច ទើបយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ ក៍ដូចជានៅទូទាំងប្រទេស។

កម្មវិធីកាលពីព្រឹកមិញនេះ ក៏មានចែកមួកសុវត្ថិភាពជូនដល់អ្នកចូលរួមប្រមាណ ២០០មួកផងដែរ៕