(ព្រះសីហនុ)៖ លោក ផូ វុឌ្ឍី និងលោក ហ្វាន់ វ៉ីមីន ម្ចាស់កម្មសិទ្ធិដីស្របច្បាប់នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានសំរេចដាក់ពាក្យ បណ្ដឹងប្ដឹងលោក ផេង មីន មេឃុំកែវផុស ទៅអភិបាលខេត្តព្រះសីហនុ ឲ្យជួយដោះស្រាយ ខណៈលោកមេឃុំរូបនេះ បានទៅបំពានយកដីរបស់លោកទៅ ធ្វើស្នាក់ការសាលាឃុំ ដោយគ្មានការអនុញ្ញាតទាំងដីទំនេររបស់រដ្ឋ នៅជាប់គ្នានោះមានទំហំប្រមាណ២ហិកតា មិនព្រមយកធ្វើសាលាឃុំ។
តើលោកមេឃុំ ផេង ម៉ីន មានបំណងអ្វីឱ្យពិតប្រាកដ? បើតាមលោក ផូ វុឌ្ឍី ជាម្ចាស់ដីបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News អោយដឹងថា បន្ទាប់ពីព័ត៌មានចេញផ្សាយពីរឿងមេឃុំកែវផុស រំលោភយកដី កម្មសិទ្ធិឯកជនរបស់លោក ហើយរដ្ឋបាលខេត្តព្រះសីហនុ បានមានចំណាត់ការលើពាក្យបណ្ដឹង សុំអន្តរាគមន៏របស់លោករួចមក មានបងប្អូនប្រជាពលរដ្ឋមួយ ចំនួនបានហៅទូរស័ព្ទមកលោកប្រាប់ព័ត៌មានថា មានមនុស្សមួយក្រុម ដែលជាក្រុមខិលខូចកាលពីពេលមុនបានមកកែនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ អោយចេញមុខមកគាំទ្រទង្វើល្មើសច្បាប់របស់មេឃុំទៅវិញ ដែលនេះហាក់ដូចជាពួកគេ មានការឃុបឃិតគ្នាជាប្រព័ន្ធចង់បង្កើតអោយមានភាពអនាធិបតេយ្យ ចូលទន្ទ្រានរំលោភយកដីកម្មសិទ្ធិឯកជនរបស់គេដូច្នោះដែរ ខណៈកន្លងមកថ្នាក់ដឹកនាំសាលាខេត្តព្រះសីហនុ ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលបានធ្វើ ការអំពាវនាវអប់រំប្រជាពលរដ្ឋ ត្រូវជួយទប់ស្កាត់ភាពអនាធិបតេយ្យ របស់ជនខិលខូចចូលទៅទន្ទ្រានកាន់កាប់ដីសាធារណៈ និងដីកម្មសិទ្ធិឯកជនរបស់គេជា ញឹកញាប់រួចមកហើយ។
ទន្ទឹមនេះ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅតំបន់នោះ បានធ្វើការបដិសេដមិនទៅចូលរួមជាមួយក្រុមញុះញង់នោះទេដោយ ពួកគាត់សំអាងថាដីនេះត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាតុលាការកំពូល បានសម្រេចប្រគល់ឱ្យម្ចាស់ដីពិតប្រាកដ គឺលោក ផូរ វុឌ្ឍី រួចហើយ។ ហើយដីនេះ ក៏មានបណ្ណត្រឹមត្រូវចេញដោយសុរិយោដីខេត្តផងដែរ។
ដោយឡែកទីទួលសក្ការៈបូជាលោកតាដំបូកខ្មៅ ក៏បានឆ្វៀលទុកដោយធ្វើការបោះបង្គោលព្រំ និងជីកប្រឡាយធ្វើព្រំដីច្បាស់លាស់រួចរាល់ហើយ។ ដូច្នេះ ពួកគាត់ពុំអាចក្លាយខ្លួនទៅជាឈ្នាន់ កូនជឹង របស់ពួកខិលខូចបំពានច្បាប់ជាថ្មីម្តងទៀតឡើយ។
ដូច្នេះ ទង្វើល្មើសច្បាប់របស់លោកមេឃុំកែវផុសនេះ អាជ្ញាធរស្រុក និងខេត្តគួរតែមានវិធានការដើម្បីលប់បំបាត់ភាពអនាធិបតេយ្យរបស់មន្ត្រី ព្រោះធ្វើជាមន្ត្រី ត្រូវតែគោរព និងអនុវត្តភារកិច្ចទៅតាមឋានានុក្រម មិនមែនធ្វើជាមន្ត្រីមិនគោរពថ្នាក់លើ ទៅគោរពឧកញ៉ានោះទេ។
ប្រសិនបើមិនមានការទប់ស្កាត់ទាន់ពេលវេលានោះទេ ទង្វើល្មើសច្បាប់ទាំងនេះ នឹងរីករាលដាលទៅលើទីតាំងផ្សេងទៀតកាន់តែធំ កាន់តែស្មុគ្រស្មាញ និងកាន់តែពិបាកក្នុងការដោះស្រាយ។
ការដើរញុះញង់បងប្អូនប្រជាពលរដ្ឋស្មោះត្រង់ ឱ្យទៅទន្ទ្រានរំលោភដីជាកម្មសិទ្ធិឯកជន ឬដីរបស់រដ្ឋ គឺជាទង្វើរល្មើសច្បាប់ដែលកំពុងតែបំផ្លាញដល់ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលរាជរដ្ឋាភិបាលបានបាននឹងកំពុងថែររក្សា និងខិតខំពង្រីកបន្ថែមទៀត។ លោក ផូ វុឌ្ឍី និងលោក ហ្វាន់ វ៉ីមីន ដែលអះអាងថាពួកគាត់មានដីស្របច្បាប់នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានបណ្ណកម្មសិទ្ធិចេញ ដោយមន្ទីរសុរិយោដីនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ស្រាប់តែនៅពេលថ្មីៗនេះ មានគេដឹកអាចម៏ដីយកទៅចាក់នៅលើដីដែលជាកម្មសិទ្ធិរបស់លោក ហើយខណៈលោកទៅធ្វើការសួរនាំរកមុខអ្នកចាក់ដី ស្រាប់តែលោកផេង មីន មេឃុំកែវផុស ចេញមុខមកអះអាងថា លោកជាអ្នកបញ្ជាអោយគេចាក់ដីដើម្បីយក ដីនេះសាងសង់ទីស្នាក់ការសាលាឃុំ ហើយចំណាត់ការនេះ គឺលោកធ្វើតាមបញ្ជាថ្នាក់លើ។
លោក ផូ វុឌ្ឍី និងលោក ហ្វាន់ វ៉ីមីន បានអះអាងថា ដីខាងលើ គឺពួក លោកបានទិញជាយូរមកហើយ ក្រោយមកក៏មានការប្ដឹងផ្ដល់គ្នាជាមួយឧកញ៉ាម្នាក់ តាំងពីសាលាដំបូងរហូតដល់តុលាការកំពូល កាត់អោយភាគីលោកឈ្នះ និង សាលដីកាចូលជាស្ថាពរទៀតផង។
ក្រោយមកគណៈកម្មការ ចម្រុះបានដឹកនាំកម្លាំងចុះអនុវត្តសាលដីកា ដោយមានយកអេស្កាទៅកាយព្រំជំរៅ១ម៉ែត្រ បោះបង្គោល ធំៗចំណាំ និងពួកលោកបានឯកភាពជាមួយអាជ្ញាធរ ព្រឹទ្ធាចារ្យក្នុងភូមិកាត់ឆ្វៀលដី របស់ពួកលោកមួយផ្នែក ដែលអ្នកភូមិអះអាងថាជាដីលោកតាដំបូកខ្មៅដើម្បីទុក ជាកន្លែងទីសក្ការៈគោរពបូជារបស់អ្នកភូមិ ដោយមានកាយប្រឡាយកំណត់ព្រំ និងកំណត់និយាមការត្រឹមត្រូវ និងអាជ្ញាធរស្រុកធ្វើការណែនាំអោយអាជ្ញាធរឃុំកែវផុស មើលការខុសត្រូវកុំឲ្យ មានការទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិនេះ សារជាថ្មីទៀតផង ព្រោះតែកន្លងមកធ្លាប់មានប្រជាជនរាប់រយគ្រួសារ ចូលមកទន្ទ្រានសង់ផ្ទះ សង់ខ្ទម រស់នៅយ៉ាងអនាធិបតេយ្យម្ដងរួចមកហើយ ទម្រាំម្ចាស់ដីដោះស្រាយគោលនយោបាយ ជាមួយអ្នកចូលទន្ទ្រានកាន់កាប់ទាំងអស់នោះរួចរាល់ ហើយសូម្បីតែលោក ផេង មីន មេឃុំកែវផុសរូបនេះ ក៏បានចូលរួមវាស់វែងដឹងឮផងដែរ។
ប៉ុន្តែខណៈមន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុ ចុះទៅវាស់វែងដើម្បីធ្វើបណ្ណកម្មសិទ្ធិមានលក្ខណៈ ជាប្រព័ន្ធជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅឃុំកែវផុស ស្រាប់តែមន្ត្រីអាជ្ញាធរឃុំមិនព្រមអនុវត្តតាមការណែនាំទេ បែរជាហ៊ានចង្អុរបង្ហាញ និងផ្ដល់ព័ត៌មានបំភ័ន្ត ដល់ក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធអោយវាស់វែងរំលោភបំពានមកលើដីកម្មសិទ្ធិរបស់ពួកលោកទៅវិញ។
លោក ផេង មីន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ឌកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ អោយដឹងថា ទីតាំងដីខាងលើ លោកពិតជា យកធ្វើសាលាឃុំមែន តែមិនមែនលោកធ្វើដោយចិត្តឯងនោះទេ ត្រឹមលោកជាមេឃុំ គ្មានសិទ្ធិទេ គឺលោកធ្វើតាមការសំរេចរបស់ឧកញ៉ាប៉ុណ្ណោះ ព្រោះវាជាដី ទីសក្ការៈលោកតាដំបូកខ្មៅរបស់អ្នកភូមិ ហើយកន្លងមកដោយសារគេទុកដីសក្ការៈតូចពេក ទើបអ្នកភូមិសុំថែម ហើយខាងឧកញ៉ាឃើញដីនឹងទំនេរក៏សំរេចអោយ យកធ្វើជាទីតាំងសាលាឃុំទៅ តែលោក ផូ វុឌ្ឍី បានអះអាងថា ដីសាធារណៈទំនេរនៅជាប់គ្នាជាង២ហិកតា ហេតុអីមិនយកធ្វើសាលាឃុំ បែរជាមកយកដីកម្មសិទ្ធ ឯកជនរបស់គេបែបនេះទៅវិញ ហើយបើសំអាងថា លោកឧកញ៉ាឃើញដី នៅទំនេរទើបអោយយកធ្វើ អញ្ចឹងដីទំនេរនៅពេញតំបន់កែវផុសដើរយកអោយអស់ទៅ៕