(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានដឹកនាំកិច្ចប្រជុំ បូកសរុបស្តីពីការរៀបចំកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (Country Operation Business Plan-COBP) ឆ្នាំ២០២០-២០២២ស្ថិតនៅក្រោមក្របខ័ណ្ឌ យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា និងតំណាងមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB ដែលជាជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់នៅកិច្ចអភិវឌ្ឍប្រទេសកម្ពុជា។ ជាងនេះទៅទៀត ADB គឺជាស្ថាប័ន ដែលមានបទពិសោធន៍នៅក្នុងកិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់ច្បាស់លាស់ ព្រមទាំងបានចូលរួមយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ភាពជាម្ចាស់ លើគម្រោងអភិវឌ្ឍន៍របស់ប្រទេសសាមី។
តាមរយៈកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២០-២០២២ នេះ, ADB គ្រោងនឹងផ្តល់ ហិរញ្ញប្បទានប្រមាណ៩២១,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវគោលដៅក្លាយជាប្រទេស មានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ១ប៊ីលានដុល្លារអាមេរិក ដោយក្នុងនោះ ទំហំហិរញ្ញប្បទានសម្រាប់៖ ១៖វិស័យកសិកម្ម, ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ មានទឹកប្រាក់វិនិយោគប្រមាណ ២៥០,៤ លានដុល្លារអាមេរិក, ២៖វិស័យអប់រំមានទឹកប្រាក់វិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក, ៣៖វិស័យថាមពលមានទឹកប្រាក់វិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក, ៤៖វិស័យការដឹកជញ្ជូន និងគមនាគមន៍មានទឹកប្រាក់វិនិយោគ ប្រមាណ៨០លានដុល្លារអាមេរិក, ៥៖វិស័យសាធារណៈមានទឹកប្រាក់វិនិយោគប្រមាណ១១០លានដុល្លារអាមេរិក, ៦៖វិស័យហិរញ្ញវត្ថុ មានទឹកប្រាក់វិនិយោគប្រមាណ៨០លានដុល្លារអាមេរិក, និង៧៖វិស័យផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្ម មានទឹកប្រាក់វិនិយោគប្រមាណ ២៣០,២ លានដុល្លារអាមេរិក។
នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការប្រចាំការ ក៏បានស្នើសុំ ADB ពិនិត្យលទ្ធភាពពង្រីកទំហំហិរញ្ញប្បទានបន្ថែមទៀត ហើយការវិនិយោគនេះទៀតសោត ត្រូវជំរុញនៃការប្រើប្រាស់បច្ចេកវិទ្យា (Technological Mainstream) ដែលកន្លងមករាជរដ្ឋាភិបាលបានអនុវត្តកិច្ចការនេះជាមួយដៃគូអភិវឌ្ឍន៍ផេ្សងទៀតផងដែរ។
លោកក៏បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ត្រូវរៀបចំនូវផែនការវិនិយោគតាមវិស័យរបស់ខ្លួន ដោយផ្អែកលើផែនការមេច្បាស់លាស់ ដើម្បីធ្វើការវិនិយោគជាលក្ខណៈប្រព័ន្ធ ដែលនឹងផ្តល់ផលចំណេញរយៈពេលវែងដល់សេដ្ឋកិច្ច ដោយជៀសវាងការវិនិយោគតាមអភិក្រម «ធ្វើកន្លែងនេះ បន្តិចកន្លែងនោះបន្តិច» (Piece Meal Approach) ដែលអាចនឹងខាតបង់ធំទៅថ្ងៃក្រោយ។
ទន្ទឹមនេះ ក្នុងកិច្ចការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង លោកបានស្នើឲ្យ ADB សិក្សាជាកញ្ចប់លើបញ្ហាអគ្គិសនី, ការគ្រប់គ្រងកាកសំណល់រឹង រាវ និងការប្រើប្រាស់ទឹក នៅខេត្តសៀមរាប និងទីក្រុងបាវិតនៃខេត្តស្វាយរៀង ដែលជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣,១៩៤លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសម្បទានចំនួនប្រមាណ ២,៧០៤លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩០លានដុល្លារអាមេរិក។
ជាថ្មីម្តងទៀត លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍នានានៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានា សម្រេចឲ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕