(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៣ ដើម្បីបញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្តោះអាសន្ន។ ការពិនិត្យផ្ទៀងផ្ទាត់នេះ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ការរៀបចំត្រួតពិនិត្យនឹងធ្វើឡើងចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់បញ្ចប់ជាស្ថាពរនៅសាលសន្និសីទសារព័ត៌មាននៃទីស្តីការ គ.ជ.ប ស្ថិតតាមវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ដោយគណបក្សនយោបាយចំនួន៧ បានចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សយុវជនកម្ពុជា។
យោងតាមលទ្ធផលបោះឆ្នោតបឋមបានឱ្យដឹងថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់ បានចេញទៅបោះឆ្នោតស្ទើរតែទាំងអស់។ មានតែអង្គបោះឆ្នោតចំនួន ៧នាក់ប៉ុណ្ណោះមិនបានទៅបោះឆ្នោត។ លទ្ធផលបឋមបង្ហាញផងដែរថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលប់។
សូមបញ្ជាក់ដែរថា អាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត មានចំនួន ៥៥៩អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖