(កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន Woori Financial Group របស់ប្រទេសកូរ៉េខាងត្បូងបានចូលរួមសហការជាមួយ ក្រុមហ៊ុនកម្ពុជា Wing ក្នុងការផ្ដល់សេវាកម្មផ្ទេរ និងដកប្រាក់រហ័សទាន់ចិត្តនៅក្រៅប្រទេស។

ក្រោមកិច្ចព្រមព្រៀងជាដៃគូពាណិជ្ជកម្ម ចុះហត្ថលេខាកាលពីថ្ងៃចន្ទកន្លងទៅ ធនាគារ Woori Bank ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Woori Financial Group នឹងដាក់ឱ្យដំណើរការសេវាកម្មផ្ទេរ និងដកប្រាក់រហ័សទាន់ចិត្តនៅក្រៅប្រទេសសម្រាប់អតិថិជន ក្នុងប្រទេសកូរ៉េខាងត្បូង និងកម្ពុជា នៅឆមាសទី២ ក្នុងឆ្នាំ២០១៩នេះ។

បន្ទាប់ពីដាក់ដំណើរការសេវាកម្មនេះ ប្រជាជនកម្ពុជាដែលកំពុងរស់នៅកូរ៉េខាងត្បូង នឹងអាចផ្ទេរប្រាក់របស់ពួកគេ ឱ្យអ្នកផ្ទះរបស់ខ្លួននៅឯស្រុកកំណើតយ៉ាងរហ័សទាន់ចិត្ត ដោយប្រើប្រាស់កម្មវិធី Woori global banking App ឬក៏ធ្វើដំណើរទៅកាន់សាខាធគារ Woori Bank ដោយផ្ទាល់ ឬក៏ប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិជាមួយលេខគណនី និងលេខទូរស័ព្ទ។

បន្ថែមពីលើនេះ សេវាកម្មនេះទៀតសោត ក៏នឹងអនុញ្ញាតផងដែរឱ្យអតិថិជនបរទេសដែលទទួលប្រាក់កម្ចីពី ធនាគារ WB Finance ដែលជាសាខារបស់ Woori Bank ក្នុងប្រទេសកម្ពុជា ក្នុងការសងប្រាក់កម្ចីជាមួយប្រាក់ ដែលផ្ទេរពីកូរ៉េខាងត្បូងទៅកាន់ប្រទេសកម្ពុជា។

Wing គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរ-ដកប្រាក់ បង់ប្រាក់សេវាតាមទូរស័ព្ទ និងមានសាខាជាង៦,០០០កន្លែង នៅទូទាំងប្រទេស។ ក្រុមហ៊ុនបានផ្ដល់ភាពងាយស្រួលដល់អតិថិជនផ្ទេរប្រាក់ក្នុងចំនួនតិច នៅក្នុងប្រទេស អូស្រ្តាលី សិង្ហបុរី ហុងកុង ជប៉ុន និងថៃ។

Woori Bank បានកត់សម្គាល់ថាមានប្រជាជនកម្ពុជា៤០,០០០នាក់ កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយ ចំនួននេះអាចនឹងកើនឡើងជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ ទើបធនាគារនឹងពង្រីកទំនាក់ទំនង ពាណិជ្ជកម្មជាមួយ ក្រុមហ៊ុន Wing ដើម្បីផ្ដល់ភាពងាយស្រួលឱ្យប្រជាជនកម្ពុជាកំពុងរស់នៅកូរ៉េខាងត្បូងក្នុងការប្រតិបត្តិការ សេវាកម្មធនាគារ៕