(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានសព្វថ្ងៃ គឺផ្តើមចេញពីកត្តា៣សំខាន់ រួមមាន «កត្តាមនុស្ស កត្តាមធ្យោបាយ និងកត្តាផ្លូវ»។ ដូច្នេះកត្តាទាំង៣នេះ លោកសូមឲ្យក្មួយៗ យុវជន យុវនារីទាំងអស់គ្នា ជាពិសេសគ្រួសារអ្នករត់តាក់ស៊ី និងម៉ូតូឌុប ត្រូវតែបង្កើនការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរ និងពេលបើកបរ ព្រោះថាយ៉ាងហោចណាស់ មានអ្នកជិះ៣ទៅ៥នាក់ ដែលបានផ្ញើជីវិតទៅលើអ្នកបើកបរ។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ បរិវេណសួនច្បារខាងមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ដែលបានការរៀបចំដោយ រដ្ឋបាលខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដោយមានអ្នកចូលរួមជាង៥០០នាក់។

លោក ម៉ៅ ធនិន បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ដែលផ្តួចផ្តើមដោយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យប្រទេសជាសមាជិក រៀបចំនៅក្នុងអំឡុង ខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍។

ផ្អែកតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ឲ្យរដ្ឋបាលខេត្ត បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រៀបចំទិវានេះឡើង ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន យុវនារី ត្រូវបង្កើនស្មារតីនិងយកចិត្តទុកដាក់ខ្ពស់ បង្កា និងទប់ស្កាត់ឲ្យខាងតែបាន ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិ និងពិការភាព។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមប្រធានគណៈកម្មាធិការចរាចរណ៍ផ្លូវគោកខេត្ត លោកក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» និងបានចែកជូនមួកសុវត្ថិភាព ចំនួន៥០នាពេលនោះផងដែរ។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានអនុញ្ញាតិឲ្យតំណាងក្រុមហ៊ុន មេជេស្ទីក រ៉ូយ៉ាល់ ឃែភីថល ឯ.ក ចូលជួបសម្តែមការគួរសម និងធ្វើបទបង្ហាញអំពីភ្លើងបំភ្លឺផ្លូវ និងប្រព័ន្ធបច្ចេកវិទ្យាបូមទឹក ដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបច្ចេកវិទ្យាថ្មីចុងក្រោយមួយទៀត នៃផលិតអគ្គិសនីដោយលំហូរទឹក។

តំណាងក្រុមហ៊ុន ក៏បានស្នើសុំឯកឧត្តមអភិបាលខេត្ត មេត្តាអនុញ្ញាតផ្តល់ទីតាំងសមរម្យណាមួយ ដែលមានលំហូរទឹកអាចធ្វើការសាកល្បង ឈានឆ្ពោះទៅវិនិយោគ ក្រោយការសាកល្បងទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះបច្ចេកវិទ្យាចុងក្រោយ នៃការប្រើប្រាស់អំពូលភ្លើងបំភ្លឺផ្លូវ និងប្រព័ន្ធបច្ចេកវិទ្យាបូបទឹក ប្រើប្រាស់សម្រាប់វិស័យកសិកម្ម ដើរដោយថាមពលព្រះអាទិត្យ ជាពិសេសការផលិតអគ្គិសនី ដើរដោយលំហូរទឹក ដោយធ្វើយ៉ាងណា ឲ្យមានគុណភាពខ្ពស់ និងតម្លៃថ្លៃដើមសមរម្យ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចូលរួមដោះស្រាយ ទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុកក្រុង ឃុំសង្កាត់ មួយចំនួនទូទាំងខេត្តពោធិ៍សាត់ បានជាច្រើនករណីផងដែរ៕