(ភ្នំពេញ)៖ «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ នៅក្នុងខេត្តព្រះសីហនុបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីឱ្យសាធារណជនបានជ្រាបនិង ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បានស្នើឱ្យជនខិលខូចបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពខុសច្បាប់ទាំងឡាយ នៅក្នុងនោះមានការចូលរុនរានទន្ទ្រាន កាប់ ឆ្ការកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងបញ្ឈប់ការយកប័ណ្ណកម្មសិទ្ធិដែលត្រូវបាននិរាករណ៍ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ១៩៩៩ មកទាមទារកាន់កាប់ដីធ្លីឡើងវិញនៅតំបន់ក្បាលឆាយ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានព្រមានទុកជាមុនថាជនទាំងឡាយណាដែលបន្តល្មើសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។
បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ឧទ្យានជាតិព្រះសីហនុរាមត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅខែវិច្ឆិកា ឆ្នាំ១៩៩៣ មានផ្ទៃដីចំនួន ២១ ០០០ ហិកតា។ ចំណែកតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានផ្ទៃដី៥៥២០ហិកតា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីធានាការពារនិងថែទាំធនធានជីវៈចម្រុះ និងធនធានធម្មជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីសម្រាប់រយៈពេលយូរអង្វែង ក៏ដូចជាលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែក ដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្រោយមក មានការចេញប័ណ្ណកម្មសិទ្ធិដោយខុសច្បាប់លើដីរដ្ឋទាំងនេះជាពិសេសនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ទឹកសាបក្បាលឆាយ រួមទាំងមានការទិញលក់ដូរដីធីដោយខុសច្បាប់ពីក្រុមជនខិលខូចមួយចំនួន ប៉ុន្តែនៅឆ្នាំ ១៩៩៩ ត្រូវបានរាជរដ្ឋាភិបាលនិរាការណ៍ចោលនូវប្លង់កម្មសិទ្ធិទាំងនោះ និងបានដកហូតដីទាំងអស់នោះមកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ និងមួយចំនួនទៀត ត្រូវបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគដោយស្របតាមច្បាប់។
លោកបាន បញ្ជាក់ថាបច្ចុប្បន្ននេះ ខណៈតម្លៃដីនៅខេត្តព្រះសីហនុឡើងខ្ពស់ មានមេក្លោងមួយចំនួនបានបង្កើតក្រុមជនខិលខូចដោយជួលប្រជាពលរដ្ឋស្លួតត្រង់ ដើម្បីចូលទន្ទ្រានកាន់កាន់ដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិស្របច្បាប់។ បុគ្គលមួយចំនួនក៏បានព្យាយាមបំពានច្បាប់ដោយយកប័ណ្ណកម្មសិទ្ធិចាស់នៅក្នុងតំបន់ក្បាលឆាយ ដែលត្រូវបាននិរាករណ៍ដោយរាជរដ្ឋាភិបាលកាលពីឆ្នាំ១៩៩៩ មកធ្វើការឈូសឆាយដីព្រៃ និងទាមទារកាន់កាប់ដីនោះឡើងវិញ។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះជាបទល្មើសដែលត្រូវប្រឈមមុខច្បាប់ ហើយពលរដ្ឋទាំងអស់មិនត្រូវចាញ់បោកមេខ្យល់ ឬក្រុមឈ្មួញទុច្ចរិត ដែលបោកប្រាស់នោះទេព្រោះក្រសួងបរិស្ថានបដិសេធមិនទទួលស្គាល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតលក់ដូរដី ដែលបានមកពីការកាប់រុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ឡើយ ទោះជាមានការទទួលស្គាល់ពីភូមិឃុំឬស្រុកក្តី។លោកនេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើមិនច្បាស់ថា ដីដែលខ្លួនកាន់កាន់ស្ថិតនៅក្នុងតំបន់អភិរក្ស ដែលត្រូវបដិសេធការកាន់កាប់ និងហាមឃាត់ការលក់ដូរ និងមិនអនុញ្ញាតឱ្យមានការឈូសឈាយទេ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យមន្ត្រីជំនាញក្រសួងដំឡើងផែនទី ដែលមាននិយាមការច្បាស់លាស់ពិនិត្យជាក់ស្តែងតើស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដែលត្រូវការពារនិងអភិរក្សដែរឬទេ។ លោកបានបញ្ជាក់ថាប្រជាពលរដ្ឋដែលមានការ សង្ស័យនៅតំបន់ផ្សេងៗទៀតអាចអញ្ជើញមកសាកសួរនៅក្រសួងបរិស្ថានបាន។
ជាមួយគ្នានេះលោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បានស្នើសុំឱ្យស្ថាប័នតុលាការមេត្តាជួយពិនិត្យ ចំពោះសំណុំរឿងជម្លោះដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀត មិនគួរកាត់សេចក្តីលើសំណុំរឿងនេះទេ ព្រោះជាសំណុំរឿងរំលោភដីរដ្ឋដោយខុសច្បាប់។ លោកបានថ្លែងថា កន្លងទៅនេះ ក្រុមជនខិលខូចមួយចំនួន បានប្រើយុទ្ធសាស្ត្រ «ឈ្នះបានដី ចាញ់បានលុយ» កាន់កាប់ដីរដ្ឋដោយខុសច្បាប់ដោយការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ និងបានអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិ និងបង្កើតជាក្រុមជម្លោះជាមួយភាគីម្ខាងទៀត ហើយរុញសំណុំរឿងទៅតុលាការដើម្បីឱ្យសម្រេចសេចក្តី អ្នកដែលឈ្នះបានដី និងអ្នកចាញ់ពេលខ្លះបានលុយ។
លោករដ្ឋលេខាធិការបានឱ្យដឹងថា ក្រុមមេក្លោងខិលខូចមួយចំនួនបានជួលប្រជាពលរដ្ឋស្លូតត្រង់ ក្នុងមួយថ្ងៃ ១០ ម៉ឺនទៅ ២០ ម៉ឺនរៀល ដើម្បីចូលកាន់កាប់ដីដែលមានកម្មសិទ្ធិរួចហើយ និងខ្លះញុះញង់ប្រជាពលរដ្ឋឱ្យកាន់រានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដើម្បីលក់ឱ្យខ្លួនក្នុងតម្លៃថោកៗ។
លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងការរឹតបន្តឹងវិធានការច្បាប់ទប់ស្កាត់និងបង្ក្រាមចលនានៃការទន្ទ្រានកាន់ កាប់ដីព្រៃរបស់រដ្ឋពីក្រុមជនខិលខូច ក្រសួងបរិស្ថាន បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងនិងចោទប្រកាន់ចំពោះជនល្មើសមួយចំនួនក្នុងនោះមានមេក្លោងទន្ទ្រានកាន់កាប់ដីរដ្ឋនៅក្នុងឧទ្យានជាតិព្រះសីហនុរាមចំនួន ២ រូប និងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាមក្បាលឆាយចំនួន ២ រូបដែលទើបតែត្រូវតុលាការសម្រេចផ្តន្ទាទោសកាលពីដើមខែឧសភាកន្លងទៅនេះ។ លោកគូសបញ្ជាក់ថា វិធានការច្បាប់នឹងអនុវត្តចំពោះជនល្មើសដោយមិនលើកលែងឡើយ៕