(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿនញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកប្រកាសច្រានចោលការចោទប្រកាន់ទាំងឡាយដែលថា មន្ទីរបានដោះលែងមុខសញ្ញាជាថ្នូរ ទឹកប្រាក់ខ្ទង់ពាន់ដុល្លារ ហើយថា មន្ដ្រីដែលអសកម្មនៅក្នុងបទល្មើសទាំងនេះ ត្រូវដកបញ្ឈរជើងដូចបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ។

ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះថា ការចោទប្រកាន់ថា មន្ទីរដោះលែងជនល្មើស ជាថ្នូរលុយខ្ទង់ពាន់ដុល្លារ ទំនងជាបានទទួលព័ត៌មានខុសពីការពិត ពីព្រោះតែមានជនឆបោកខ្លះបានដើរតួ និងរត់ការដោះលែងអ្នកពាក់ព័ន្ធគ្រឿងញៀន ដោយយកឈ្មោះថ្នាក់ដឹកនាំមន្ទីរទៅភូតកុហកសាច់ញាតិ របស់ជនល្មើសទាំងនោះ។

ការចេញមកបដិសេធមន្ដ្រីជាន់ខ្ពស់ប្រឆាំងគ្រឿងញៀនខាងលើនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានត្រូវបានចែកចាយតគ្នាថា បុរសម្នាក់ត្រូវបានកម្លាំងមន្ទីរចាប់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ ដោយគ្មានពាក់ព័ន្ធគ្រឿងញៀនទាល់តែសោះ ប៉ុន្ដែខាងមន្ទីរចោទថា ជាអ្នកជួញដូរគ្រឿងញៀន រហូតឲ្យបង់លុយដើម្បីបញ្ចប់ចំនួន២ពាន់ដុល្លារ និងធ្លាក់មកនៅ១ពាន់ដុល្លារ។

ករណីនេះលោកឧត្តមសេនីយ៍ផ្កាយបី ឡឹក វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះថា «អាទិត្យមុននេះ ខ្ញុំចាប់មនុស្សម្នាក់ និងបញ្ជូនទៅតុលាការ ដោយមនុស្សម្នាក់នេះ ប្រើល្បិចធ្វើជាអ្នកស្គាល់នាយរង និងការិយាល័យ ហើយដើរមកក្បែរបន្ទប់ រួចចេញទៅប្រាប់ក្រុមគ្រួសារគេវិញថា គេមានលទ្ធភាពជួយក្រុមគ្រួសារ ពេលនោះក៏ឲ្យលុយទៅ ស៊ីដាច់បាត់»

លោកថា មានករណីខ្លះពួកខិលខូចចាំលួចស្តាប់ខ្យល់ ពេលដឹងថា សមត្ថកិច្ចឲ្យអានាព្យាលធានាយកទៅអប់រំ ព្យាបាលក្នុងសហគមន៍ ជនឆបោកទាំងនោះ ក៏ឆ្លៀតមកប្រាប់ក្រុមសារ ថា ប៉ូលីសយកលុយប៉ុណ្ណេះ ប៉ុណ្ណោះទៅ។ «មានករណីខ្លះទៀត កើតចេញពីអំពើអសកម្មរបស់មន្ត្រីគ្រឿងញៀន ប៉ុន្តែត្រូវបានដកបញ្ឈរជើងមួយចំនួនហើយ ដូចនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ស្រាប់»

បើតាមប្រធានមន្ទីរ ជនឆបោកលរងនូវការចាប់ខ្លួន និងឃុំខ្លួនដោយតុលាការនោះមានឈ្មោះ វី ផានិត អាយុ៣៤ឆ្នាំ។

លោកបានបញ្ជាក់ទៀតថា «មន្ទីរប្រឆាំងគ្រឿងញៀន ធ្វើកិច្ចការជាច្រើន ហើយក៏ជាគោលដៅរបស់មេក្លោងធំៗ ដើម្បីវាយប្រហារយើង។ ខ្ញុំនិយាយនេះ មិនមែនចង់បដិសេធការរិៈគន់ស្ថាបនា របស់អ្នកព័ត៌មានទេ តែពេលខ្លះ គាត់មិនបានស៊ីជម្រៅ ក៏ចុះផ្សាយទៅ ហើយក៏មានការប៉ះពាល់ដល់ស្ថាប័ន ដូចនេះសុំដាក់ឲ្យចំឈ្មោះបុគ្គលអ្នកប្រព្រឹត្តទៅ ដើម្បីយើងមានវិធានការតាមវិន័យប៉ូលីស និងច្បាប់ជាតិ»

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន

ជនសង្ស័យដែលបានឆបោកលុយពីសាច់ញាតិរបស់អ្នកពាក់ព័ន្ធគ្រឿងញៀន