(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តទាំងអស់ ត្រូវចូលរួមសហការ ដើម្បីផ្តល់ព័ត៌មាន និងរាយការណ៍បើបានដឹងឮ ពីករណីប្រើប្រាស់ និងចែកគ្រឿងញៀន នៅក្នុងមូលដ្ឋានខ្លួនដល់សមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

ការជំរុញបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញ ប្រគល់ផ្ទះ១មួយខ្នង ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥៤គ្រួសារ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរលោក អ៊ុន ចាន់ដា ក៏បានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយដ៏ស្មុគ្រស្មាញណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ និងគ្រួសារផងដែរ។ ដូច្នេះករណីនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការរាយការណ៍ដោយសម្ងាត់ដល់សមត្ថកិច្ចបើសិន ជាករណីគ្រឿងញៀន បានកើតមាននៅក្នុងមូលដ្ឋាន ដើម្បីសមត្ថកិច្ចឈានទៅដល់ការបង្រ្កាបឱ្យអស់។

លោកបន្តថា សម្រាប់ការចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា នៅពេលនេះ គឺត្រូវបានប្រគល់ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ និង៥៤គ្រួសារទៀត ទាំងនេះ គឺជាកាគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះដោយមិនប្រកាន់និន្នការនយោបាយនោះទេ។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងនូវក្តីមោទនភាពក្រៃលែង ដែលពិធីចែកអំណោយកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះមានការចូលរួមដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ។ ដែលនេះសបញ្ជាក់ឱ្យឃើញថា តំណាងរាស្ត្រខេត្តព្រះវិហារ គឺមិនទៅណាឆ្ងាយពីប្រជាពលរដ្ឋនោះទេ គឺតែងតែចុះជាប់ជានិច្ចជាមួយអជ្ញាធរបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងមិនឱ្យប្រជាពលរដ្ឋខកបំណងនោះទេ៕