(បាត់ដំបង)៖ ឧបករណ៍វាយតំលៃប្រភេទ និងកម្រិតពិការភាព ដែលអាចអនុវត្តបាននៅសហគមន៍ មានសារសំខាន់ណាស់ ដើម្បីជម្រុញការធ្វើអត្តសញ្ញាណកម្ម ជនមានពិការភាពក្រីក្រ ដើម្បីទទួលបានរបបឧបត្តមគោលនយោបាយពីរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។ នេះបើតាមការលើកឡើងរបស់ លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីឧបករណ៍វាយតំលៃប្រភេទ និងកម្រិតពិការភាពតាមគំរូបែបសង្គម និងសិទ្ធិជាមូលដ្ឋាន រយៈពេល២ថ្ងៃ នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក ញឹក វណ្ណារ៉ា បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ ក្រុមការងារអន្តរក្រសួង ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានសុខុមាលភាពជនពិការ អង្គការមិនមែនរដ្ឋាភិបាលធ្វើការលើវិស័យពិការភាព មូលនីធិអង្គការសហប្រជាជាតិសម្រាប់កុមារ (យូនីសេហ្វ) ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគ្រប់រាជធានីខេត្ត ដែលបានសហការគ្នា ក្នុងការកសាងឧបករណ៍វាយតំលៃប្រភេទ និងកំរិតពិការភាព សម្រេចបានជោគជ័យ និងរៀបចំវគ្គបណ្តុះបណ្តាលនាឱកាសនេះ។
ជាមួយគ្នានេះផងដែរ លោក កែវ អូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក៏បានចូលរួមលើកឡើងថា ចាប់ពីឆ្នាំ២០១៧ មក តាមរយៈក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដំណើការបន្ស៊ីផែនការគ្នា ពិសេសនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងនាយកដ្ឋានសុខុមាលភាពជនពិការ បានសហការបន្ស៊ីគ្នា ទាំងការរៀបចំផែនការ ការចែករំលែកទិន្នន័យ និងបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍នៃការធ្វើអត្តសញ្ញាណកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស និងជាពិសេសការបញ្ចូលកម្រងសំណួរ ពិការភាពសំខាន់ៗក្នុងកម្រងសំណួរអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
នាឱកាសនេះក៏យើងបានចែករំលែកចំណេះដឹង និងស្វែងយល់បន្ថែមទៀតលើឧបករណ៍វាយតំលៃពិការភាពដ៏មានសារសំខាន់បំផុត ដើម្បីជំរុញល្បឿន និងប្រសិទ្ធភាពអនុវត្តនៅគ្រប់កម្រិត នៃកម្មវិធីរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍។
លោក ញឹក វណ្ណារ៉ា បានបញ្ជាក់ទៀតថា ជាមួយនឹងការអនុវត្តគោលនយោបាយខាងលើនេះ គិតចាប់ពីឆ្នាំ២០១៦ មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជនពិការក្រីក្រ និងបានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ ចំនួន ១១.៦២៨នាក់ ក្នុងខេត្តចំនួន១០ គឺខេត្តត្បូងឃុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ហើយសម្រាប់ឆ្នាំ២០១៩ នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យដំណើការអនុវត្តរបបគោលនយោបាយនេះចំនួន៥ ខេត្តថ្មីបន្ថែមទៀត រួមមានខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។
ជាមួយគ្នានេះដែរ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថាខេត្តបាត់ដំបងកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពនៅទូរទាំងខេត្ត ព្រោះថាការងារពិការភាព គឺជាការងារពហុវស័យដែលទាមទារឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
កន្លងមក ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្ត បានផ្ដល់លិទ្ធភាពដល់ជនមានពិការភាពគ្រប់រូប ទទួលបានសេវាសុខភាព អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពព្រមទាំងបានលើកកម្ពស់ការចូលរួមរបស់ជនពិការ ក្នុងការសម្ដែងមតិ ទទួលបានព័ត៌មាន។ក្រៅពីនោះ រដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ការចូលរួមសកម្មភាព សង្គមសម្រាប់ជនពិការដូចជាសកម្មភាព វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ និងសកម្មភាព ផ្សេងៗទៀត។
លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោបាយដល់ជនពិការក្រីក្រក្នុងសហគមន៏ គឺជាការលើកកំពស់ជីវភាពដល់ជនមានពិការភាពក្នុងខេត្តបាត់ដំបង ឲ្យមានជីវភាព កាន់តែប្រសើរឡើងមួយកំរិត និងយោងតាម ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំតំបន់ អាស៊ី និងប៉ាស៊ីហ្វិកយុទ្ធសាស្រ្តអ៊ុនឈាន់ធ្វើឲ្យសិទ្ធិក្លាយ ជាការពិតឲ្យទទួលបានជោគជ័យ៕