(ភ្នំពេញ)៖ យុវជនឆ្នើមខ្មែរ ១៣រូប បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួត «ស្ពានភាសាចិន» រៀបចំឡើងដោយកម្ពុជា-ចិន។ វគ្គផ្តាច់ព្រ័ត្រកម្មវិធីនេះ បានរៀបចំធ្វើនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដោយមានសិស្ស-និស្សិតសិក្សាភាសាចិនយ៉ាងច្រើនកុះករចូលរួម។ ឆ្នាំនេះជាឆ្នាំលើកទី៩ នៃការប្រារព្ធកម្មវិធី «ស្ពានភាសាចិន» ការប្រកួតជារៀងរាល់ឆ្នាំ គឺបានចំរាញ់បាននូវ ធនធានមនុស្ស ដែលពោពេញទៅដោយទេព្យកោសល្យ ក៏អាចនិយាយបានថា កម្មវិធីស្ពានភាសាចិន កាន់តែរៀបចំ កាន់តែអស្ចារ្យ បេក្ខជនកាន់តែឆ្នើម។

ថ្លែងក្នុងកម្មវិធីក្រកួតនាថ្ងៃដដែលនេះ បណ្ឌិត ជា សុភាព សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា ក្នុងនាមសាកលវិទ្យាល័យ ដែលមានកិច្ចសហការល្អជាមួយ វិទ្យាស្ថានខុងជឺនៃ រាជបណ្ឌិត្យ សភាកម្ពុជា ចាប់តាំងពីឆ្នាំ២០១០មក សាកលវិទ្យាល័យបានរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើការបំប៉នភាសាចិនតាំងពីថ្នាក់ដំបូង រហូតដល់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិន។

កន្លងមកសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីប្រកួត «ស្ពានភាសាចិន» នេះជារៀងរាល់ឆ្នាំរួចមកហើយ ក្នុងនោះផងដែរ និស្សិតថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តចិន នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ក៏បានជាប់ជ័យលាភី និងបានចូលរួមប្រកួតជាមួយបណ្តាលប្រទេសផ្សេងៗ ទៀត នៅប្រទេសចិន ដែលនេះជាមោទនភាពដែលមិនមែនសម្រាប់តែនិស្សិតឫសាកលវិទ្យាល័យនោះទេ តវាសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

បច្ចុប្បន្ននេះ យើងកំពុងតែផ្តល់អាទិភាពលើការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដោយ គាំទ្រនូវផែនការយុទ្ធសាស្ត្រ និងកម្មវិធីអាទិភាព ដើម្បីបង្កើនគុណភាព និងប្រសិទ្ធិភាពនៃវិស័យអប់រំគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីអំពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធាន មនុស្សដើម្បីធានាឱ្យបាននូវសមត្ថភាព ប្រកួតប្រជែងពេលដែលបញ្ចូលខ្លួនក្នុងសមាហរណកម្មអាស៊ាន ។

ជាមួយគ្នានោះ បណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វេទិកាដ៏សំខាន់នេះ បានទាក់ទាញ យុវជន យុវតី ដែលជានិស្សិតមកពីជាង១១០ប្រទេស លើពិភពលោក ដែលអាចឱ្យពួកគេបានសិក្សាស្វែងយល់ពីភាសា និងវប្បធម៌ចិន។ លោកបន្តថា ការប្រកួត «ស្ពានភាសាចិន» នេះ ក៏បានជំរុញលើកទឹកចិត្តសិស្ស- និស្សិតកម្ពុជាយើង ឱ្យសិក្សាភាសាចិន ដើម្បីបង្កើនការស្វែងយល់ ពីភាសា និងវប្បធម៌ចិនផងដែរ។ បណ្ឌិត ជូ ច័ន្ទដារី បានបន្ថែមថា ការប្រកួត «ស្ពានភាសាចិន» នាពេលនេះ បើនិយាយចំពោះបេក្ខជន បេក្ខនារី គឺជាវេទិកាមួយសម្រាប់បង្ហាញពី សមត្ថភាព សម្រាប់សិក្សាពីគ្នាទៅវិញទៅមក និងស្វែងយល់ពីប្រទេសចិន។ បើនិយាយចំពោះប្រទេសចិន គឺជាវេទិកាសម្រាប់ស្វែងយល់ពីសិស្ស-និស្សិតកម្ពុជា ប្រទេសកម្ពុជា ព្រមទាំងបង្កើនការស្វែងយល់គ្នារវាងប្រជាជនកម្ពុជា និង ប្រជាជនចិន។

លោក ឆាយ ឃឹឈីង សហនាយកវិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការរៀបចំវគ្គផ្តាច់ព្រ័ទ្ធ នៃកម្មវិធីប្រកួត «ស្ពានភាសាចិន ពិភពលោកលើកទី១៨ »ថ្នាក់និសិត្សប្រចាំប្រទេសកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតដោយទីក្នាក់ការកណ្តាលនៃវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់ប្រទេសចិន និងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ។កម្មវិធីប្រកួតនេះ បច្ចុប្បន្ននេះក៏បានក្លាយជាឆាកដ៏សំខាន់សម្រាប់និស្សិតសិក្សាភាសាចិន និងយល់ច្បាស់ពីប្រទេសចិន ក៏ជាស្ពានផ្សារភ្ជាប់ចិត្ត នឹងចិត្តមួយរវាងប្រទេសចិន និងយុវជនលើពិភពលោក។

លោក ឆាយ ឃឹឈីង បានបន្តថា គោលបំណងនៃការប្រគួតស្ពានភាសាចិន គឹវាស់ស្ទង់សមត្ថភាពផ្នែកភាសាចិន ចំណេះដឹងទូទៅដែលទាក់ទងទៅនឹងប្រទេសចិន ជំនាញវប្បធ៌មចិន និងសមត្ថភាពចំរុះនៃការសិក្សា។ បច្ចុប្បន្ននេះ ស្ពានភាសាចិនបានក្លាយជាឆាកដ៏សំខាន់មួយសម្រាប់ធនធានមនុស្សជាន់ខ្ពស់លើពីភពលោក ដែលសិក្សាភាសាចិន អាចបង្ហាញពីសមត្ថភាព។ ជាកម្មវិធីយ៉ាងធំមួយសម្រាប់អ្នកស្រឡាញ់ភាសាចិន និងសិក្សាភាសាចិន នៅគ្រប់ប្រទេសលើពីភពលោក។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជាកាន់តែច្រើន ដែលបានយល់ពីប្រទេសចិនដោយតាមរយៈការសិក្សាភាសាចិន ហើយក៏មានយុវជនជាច្រើនផងដែរ ដែលស្រឡាញ់ នូវវប្បធ៌មប្រទេសចិន។ ប្រទេសកម្ពុជាជាប្រទេសដែលសំខាន់នៃការកសាងគោលនយោបាយ ខ្សែក្រវាត់និងផ្លូវ។ ខ្លឹមសារចំបងនៃគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ គឺទំនាក់ទំនងគោលនយោបាយ ការតភ្ជាប់នៃស្ថាប័ន ការធ្វើពាណិជ្ជកម្មយ៉ាងរលូន ការចរាចរដោយរលូននៃហិរញ្ញវត្ថុ និងការផ្សារភ្ជាប់នៃចិត្តនិងចិត្តនៃប្រជាជន៕