(កំពង់ឆ្នាំង)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ប្រវែងសរុប ៣៥,៤៥៧ គីឡូម៉ែត្រ និងស្ពានបេតុងមួយកន្លែងប្រវែង១២៥ម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតនៅក្នុងខេត្តគោលដៅ ទាំង៤ នៃគម្រោងកែលម្អ ផ្លូវជនបទ ជំហានទី១ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានធ្វើរបាយការណ៍បញ្ជាក់ថា ក្នុងកិច្ចសន្យារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយ ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ហិរញ្ញប្បទានឥតសំណងសរុប ៨៣,៦៤៨,៣៧៤ RMB ស្មើនឹងប្រមាណ១២,៦៧៤,០០០ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី១ មានរយៈពេល ២៤ខែ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

គម្រោងនេះ បានបញ្ចប់ការកែលម្អផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែងសរុប ៣៥,៤៥៧គីឡូម៉ែត្រ សាងសង់ស្ពានបេតុងខ្នាតធំ ១កន្លែងប្រវែង១២៥ម៉ែត្រ, ស្ពានបេតុងខ្នាតតូច២កន្លែង ប្រវែងសរុប៤៧ម៉ែត្រ, សាងសង់លូប្រអប់៩កន្លែង, សាងសង់លូមូល៧៣កន្លែង, ប្រឡាយបេតុងដោះទឹក (មានគម្រប) អមសងខាងផ្លូវ ប្រវែង៣,៣៩៨ម៉ែត្រ លូអមសងខាងផ្លូវ ប្រវែង២,២២៨ម៉ែត្រ រៀបថ្មការពារជើងទេរផ្លូវ ចំនួន២,៧៨១ម៉ែត្រគូប និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ ព្រមទាំងបង្គោលសុវត្ថិភាពផងដែរ។

ដោយឡែក សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មាននៅក្នុងខេត្តគោលដៅចំនួន៤ គឺ៖

ទី១៖ ខេត្តកំពង់ស្ពឺ ស្ពានបេតុងមួយកន្លែងប្រវែង១២៥ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ១៩៨ ម៉ែត្រ ដែលមានទីតាំងនៅ ភូមិរការធំ និងភូមិស្វាយក្រវ៉ាន់ ក្រុងច្បារមន។
ទី២៖ ខេត្តកំពង់ឆ្នាំង ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន៤ខ្សែ ប្រវែងសរុប១៦,៤៤គីឡូម៉ែត្រ។
ទី៣៖ ខេត្តកំពង់ចាម ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន១ខ្សែ ចាប់ពីថ្នល់បែកទៅដល់ ឃុំបុសថ្លាន់ ស្រុកចំការលើ ប្រវែង ៧,២៦ គីឡូម៉ែត្រ។
ទី៤៖ ខេត្តកំពង់ធំ ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសណ្ដាន់ ទៅដល់ភូមិល្ហុង ឃុំចំណារក្រោម ស្រុកស្ទោង ប្រវែង១១,៤៥ គីឡូម៉ែត្រ។

លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្ដីអនុវត្តគម្រោង និងបានបញ្ជាក់ ពីកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា ដែលបាននឹងកំពុងអនុវត្តគម្រោងនានាជាច្រើន ក្នុងវិស័យគមនាគមន៍ អប់រំ សុខាភិបាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ហើយសមិទ្ធផលទាំងនេះ ជាចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ ជាមួយនេះ ចិននៅតែបន្តគាំទ្រជួយដល់កម្ពុជា តាមវិស័យជាពិសេសប្រជាពលរដ្ឋនៅជនបទ ស្របតាមតម្រូវការជាក់ស្ដែង និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ទុកថា នយោបាយហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការកសាងផ្លូវ ស្ពាន គឺជាអាទិភាពមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

គម្រោងកែលម្អផ្លូវជនបទ ជំហានទី១៖ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្រាប់អភិវឌ្ឍន៍ សេដ្ឋកិច្ចជនបទ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ជាពិសេសប្រជាពលរដ្ឋនៅជនបទ ក្នុងខេត្តគោលដៅរបស់គម្រោងអាចទាញយកផលប្រយោជន៍ ដូចជាកាត់បន្ថយទៅលើការ ចំណាយថ្លៃដឹកជញ្ជូន ពេលវេលាធ្វើដំណើរ ងាយស្រួលដល់ការដឹកជញ្ជូនជាលក្ខណៈតំបន់ ដែលតភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ទីប្រជុំជន និងងាយស្រួលក្នុងការធ្វើដំណើរ ទៅទទួលសេវាសាធារណៈផ្សេងទៀត ព្រមទាំងខេត្តដែលមានសក្ដានុពលវិស័យកសិកម្ម និងឧស្សហកម្មផងដែរ។

រដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ក៏បានបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងខិតខំកៀរគរ រកជំនួយហិរញ្ញប្បទាននានា ដើម្បីធ្វើការកែលម្អផ្លូវដីស ផ្លូវក្រាលក្រួសក្រហមនៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង។

លោកបណ្ឌិតរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី បច្ចេកទេស ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងយ៉ាងច្រើន និងទាន់ពេលវេលាដល់ កម្ពុជា ដោយពុំមានលក្ខខណ្ឌស្មុកស្មាញឡើយ ជាមួយគ្នានេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងបន្តជួយក្រសួងអភិវឌ្ឍន៍ជនបទបន្តទៀត សម្រាប់បន្តអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ បន្តទៀត៕