(កំពង់ចាម)៖ ដោយមានការស្នើសុំពីបណ្ឌិត្យសភានគរបាលជាតិ និងទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានធ្វើបាឋកថាស្ដីពីការអនុវត្តគោលនយោ
បាយភូមិ-ឃុំមានសុវត្ថិភាព នៅសាលានគរបាលជាតិភូមិភាគ២ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ស្នងការ បានធ្វើបាឋកថាលើកឡើងពី ជីវប្រវត្តិ និងបទពិសោធន៍ តាំងពីលោកឧត្តសេនីយ៍ស្នងការ ជាមន្ត្រីរហូតបានឡើងជា ស្នងការនគរបាលខេត្ត កត្តាជោគជ័យទាំងអស់នេះ គឺកើតដោយការខិតខំ ប្រឹងប្រែងតស៊ូ អំណត់អត់ធន់ និងការរៀនសូត្របន្ថែមពីមនុស្សនៅជុំវិញ
ខ្លួន ការប្រកាន់ខ្ជាប់នូវវិន័យ ក្រមដីលធម៌ សុភាវធម៌ និងអនុវត្តឲ្យបានតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងបើកចិត្តទទួលយកនូវចំណុចខ្វះខាត។
បន្ទាប់លោកឧត្តមសេនីយ៍ទោ ឯម កុសល លើកឡើងអំពីការងារប្រចាំថ្ងៃ លើការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាមូលដ្ឋានធ្វើឲ្យ ខេត្តកំពង់ចាម បានទទួលចំណាត់ថ្នាក់គាប់ប្រសើរ គឺលេខ១ ចំនួន៤ឆ្នាំជាប់ៗគ្នាផ្ទួនៗ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នូវយុទ្ធនាការទាំង១១ចំណុច របស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំពូលបំពាក់សូឡា ប្រើដោយថាមពលពន្លឺថ្ងៃចំនួន១០អំពូល និងថវិកាដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថមដល់សាលានគរបាលភូមិភាគ២កំពង់ចាម ចំនួន១លានរៀល និងដល់ប្អូនៗ ដែលជាសិក្ខាកាម ចំនួន១លានរៀល៕