(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជំរុញទៅកាន់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមទាំងអស់ ត្រូវអនុវត្តន៍ការងារគាំពារសង្គមផ្នែកសុខាភិបាល ទៅលើស្ត្រី មានផ្ទៃពោះ គ្រួសារក្រីក្រប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ព្រោះសកម្មភាពលើកកម្ពស់សុខភាពនេះ នឹងចាប់ផ្ដើមអនុវត្តន៍ចាប់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលអាចនិយាយបានថា វាគឺជាកិច្ចការថ្មីស្រឡាងមួយ ផ្នែកសុខាភិបាលមិនធ្លាប់បានធ្វើ នាពេលកន្លងមក។
លោក គួច ចំរើន បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយសកម្មភាពលើកកម្ពស់សុខភាព ដើម្បីលុបបំបាត់ភាពពិការភ្នែក ដោយសារភ្នែកឡើងបាយ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
លោក គួច ចំរើន បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានចាប់ផ្ដើមដំបូងធ្វើឲ្យកម្ពុជារបស់យើង មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសុខាភិបាល ឆ្លងផុតពីប្រទេសដែលមានភាពក្រីក្រ មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយកម្ពុជារបស់យើង ក៏បានប្ដេជ្ញាចិត្តនូវការបម្រើសេវាសាធារណៈ ឱ្យកាន់តែទូលាយឲ្យកាន់តែធំច្រើនបន្ថែមទៀត ជូនទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដើម្បីជួយ សង្គ្រោះដល់ពួកគាត់។
លោកអភិបាលខេត្តបានបន្ថែមថា ពិតហើយថាកន្លងមកនេះ រាជរដ្ឋាភិបាលបានគិតគូរ ទៅដល់អតីតមន្ត្រីរាជការ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ស្ត្រីជាកម្មករ ដែលទទួលបានការពិនិត្យព្យាបាល ជំងឺដោយមិនបង់ប្រាក់។ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះតទៅ មុខសញ្ញាប្រជាពលរដ្ឋ ដែលត្រូវយកចិត្តទុកដាក់បន្តទៀតនោះ គឺទៅកាន់ស្ត្រី គ្រួសារក្រីក្រ ដែលមានផ្ទៃពោះ ហើយទាំងអស់នេះ គឺជាលទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងដើរមកដល់លទ្ធភាពកម្រិតហ្នឹង ហើយទៅថ្ងៃមុខ នៅពេលដែលលទ្ធភាពសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល កាន់តែមានការរីកចម្រើននោះ ផែនការបំរើសេវាជូនប្រជាពលរដ្ឋនឹងមានបន្តទៀតផងដែរ៕