(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលោកស្រី ម៉ុម ថានី លើកឡើងថា ក្នុងករណីដែលពុំមានដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេ តាមការប៉ាន់ស្មាននៅក្នុងរបាយការណ៍វិភាគម៉ូដែល របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផលិតផលសរុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត១០% ដោយសារតែបញ្ហាប្រឈម ការប្រែប្រួលអាកាសធាតុ។
ការថ្លែងរបស់លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានបញ្ជាក់នៅក្នុងពិធីបើកដំណើរការ សិក្ខាសាលាផ្សព្វផ្សាយសកម្មភាព និងរបបគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុស្តីពី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងសៀមរាប។
លោកស្រី បានលើកបង្ហាញនៅឯអង្គពិធីបើកសិក្ខាសាលានោះថា កម្ពុជាត្រូវបានចាត់ថ្នាក់ ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត ដោយសារការប្រែប្រួលអាកាសធាតុលើពិភពលោក។ ក្នុងឆ្នាំ២០១៩ កម្ពុជាបានប្រឈមទៅនឹងរលកកម្តៅខ្ពស់បំផុត ដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប៉ាន់ស្មាននៅក្នុងរបាយការណ៍វិភាគម៉ូដែល ស្តីពីដំណោះស្រាយផលប៉ះពាល់ ស្តីពីការប្រែប្រួលអាកាសធាតុ លើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា ផលិតផលសរុបរបស់កម្ពុជា (GDP) នឹងអាចមានការថយចុះជិត១០% ដោយសារការប្រែប្រួលអាកាសធាតុ នៅក្នុងឆ្នាំ២០៥០ខាងមុខ ក្នុងករណីដែលពុំមានដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលបច្ចុប្បន្ននេះតទៅទេនោះ។
លោកស្រីបានបន្ថែមថា ទាំងនេះគឺជាមូលហេតុដែលប្រទេសកម្ពុជាក្លាយជាប្រទេស ដែលគាំទ្រដ៏ខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុពិភពលោក។ លោកស្រីថា បើទោះបីកម្ពុជាមិនជាប់បន្ទុកជាអ្នកទទួលខុសត្រូវលើការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់ ជាប្រវត្តិសាស្រ្តក៏ដោយ តែកម្ពុជាបានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងការជំរុញគំរូអភិវឌ្ឍ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការបញ្ចេញកាបូនទាប។
សិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃនេះ គឺមានការចូលរួមពីតំណាងមកពីក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ដើម្បីចែករំលែក ស្តីពីលទ្ធផលនៃការសិក្សាវិទ្យាសាស្រ្ត លើការប្រែប្រួលអាកាសធាតុ ដល់សិក្ខាកាមជាមន្រ្តីបរិស្ថាន មន្រ្តីរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ សិស្ស-និស្សិត លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងប្រតិភូមកពីប្រទេសឡាវ ជាពិសេសមានវត្តមានរបស់លោកបណ្ឌិត Priyadarshi R.Shukla សហប្រធានក្រុមការងារផ្នែកទី៣ នៃក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការរប្រែប្រួលអាកាសធាតុ បង្ហាញចំណាប់អារម្មណ៍លើចំណុចសំខាន់ៗ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយពង្រឹងសមត្ថភាព ក្នុងការបង្កើតភស្តុតាងវិទ្យាសាស្រ្ត អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ កន្លងទៅ IPCC ធ្លាប់បានទទួលជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ហើយបានដើរតួនាទីយ៉ាងសំខាន់ បង្កើនការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុជាសាកល៕