(ភ្នំពេញ)៖ ដោយសារតែបញ្ហាអាកាសធាតុបូកផ្សំជាមួយកត្តាផ្សេងៗធ្វើឲ្យកម្ពុជា នារយៈពេលចុងក្រោយនេះមានផលលំបាកក្នុងការផលិតអំបិល ដែលជាហេតុនាំឲ្យមានការខ្វះខាតអំបិលផ្គត់ផ្គង់លើទីផ្សារ ត្រូវឲ្យមានការនាំចូលអំបិលពីក្រៅមកផ្គត់ផ្គង់។

ការនាំចូលអំបិលពីក្រៅប្រទេសមកផ្គត់ផ្គង់នៅកម្ពុជា ត្រូវបានលោក ឡាំ គឹមឡេង អគ្គនាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម បានបង្ហាញពីកត្តាប្រឈម និងផលលំបាកមួយចំនួនដែលជះឥទ្ធិពលពីការនាំចូលអំបិលពីបរទេស។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក ឡាំង គឹមឡេង បានឲ្យដឹងថា ការនាំចូលនេះមានផលលំបាកមួយចំនួនដូចជា៖

១៖ បញ្ហាតម្លៃ៖ អំបិលនាំចូលមានតម្លៃខ្ពស់ជាងអំបិលក្នុងស្រុក។
២៖ បញ្ហាគុណភាព៖ អំបិលនាំចូលមានគុណភាពមិនល្អ ដូចអំបិលផលិតដោយខ្លួនឯងឡើយ ព្រោះថាភាគច្រើនអំបិលនាំចូលជាប្រភេទអំបិលរ៉ែ។
៣៖ ធ្វើឲ្យបាត់បង់កម្លាំពលកម្មនៅកម្ពុជា៖ មានន័យថា បច្ចុប្បន្ននេះមានពលរដ្ឋកំពុងបំពេញការងារ លើស្រែអំបិលចំនួន៥,៥០០នាក់ បូកជាមួយការកែច្នៃអំបិល។
៤៖ ធ្វើឲ្យមានហានិភ័យដល់ការផលិតអំបិលនៅកម្ពុជា៖ មានន័យថា កម្ពុជាជាប្រទេសនាំចេញអំបិល ប៉ុន្ដែពេលនេះបែរជានាំចូលអំបិលទៅវិញ ជាហេតុធ្វើឲ្យមានហានិភ័យនៃការផលិតអំបិល។

លោកបន្ថែមថា ក្នុងនាមជាអ្នកជំនាញនឹងខិតខំធ្វើយ៉ាងណារក្សា និងផលិតអំបិលនេះឲ្យប្រសើរជាងមុន។ បន្ថែមពីនេះក្រសួកសិកម្ម និងខិតខំធ្វើទីផ្សារអំបិលឲ្យមានភាពល្អប្រើសរ និងគ្រោងរៀបចំកន្លែងស្រែអំបិលនេះឲ្យក្លាយជា បណ្ដុំផលិតកម្មអំបិលមួយដោយភ្ជាប់ជាមួយ វិស័យអេកូទេសចរណ៍ មានន័យថា កន្លែងផលិតអំបិលអាចជាកន្លែងសម្រាប់ទេសចរណ៍ទស្សនាកំសាន្ដ។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ សូមកុំព្រួយបារម្ភពីបញ្ហាខ្វះខាតអំបិល ឬបញ្ហាតម្លៃឲ្យសោះ ដោយហេតុថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាននិងកំពុងរួមគ្នារកដំណោះស្រាយ ក្នុងការផលិតអំបិលឲ្យគ្រប់តម្រូវការប្រើប្រាស់។

លោក ឡាំ គឹមឡេង បានបញ្ជាក់ថា «ដោយមើលឃើញពីកត្តាអាកាសធាតុប្រែប្រួល ដែលជះឥទ្ធិពលដល់ការផលិតអំបិល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានអគ្គនាយកដ្ឋានសហគ្រាធុនតូច មធ្យម ជាសេនាធិការ បាននិងកំពុងតែរកដំណោះស្រាយ និងបានសហការជាមួយអង្គការ Unicef ដើម្បីធ្វើយ៉ាងណាបង្កើនបច្ចេកវិទ្យាបន្ថែមទៀត ទៅលើការផលិតអំបិលពីរំហួតទឹកសមុទ្រ កុំឲ្យមានការរំពឹងទៅលើអាកាសធាតុតទៅទៀត។ ប៉ុន្ដែវាអាចមិនមែន ជាបច្ចេកវិទ្យា១០០ភាគរយទេ មានន័យថា វាអាចជាពាក់កណ្ដាលនៃវិទ្យាសាស្រ្ត»

លោកបានបន្តថា «កាលដែលយើងបានសិក្សាមើលទៅ គឺយើងត្រូវរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា ត្រូវរៀបស្រែគំរូមួយ សម្រាប់ទុកឲ្យប្រជាពលរដ្ឋយកជាគំរូ ហើយនឹងត្រូវមានអាងសម្រាប់ស្ដុកទឹក នៅពេលដែលយើងបានហាលស្ងួត ឬក៏បានចម្អិនរួច តែបច្ចុប្បន្ននេះ គឺយើងនៅមិនទាន់មាននៅឡើយទេ។ តែនៅពេលដែលយើងមានអាងស្តុកទឹក គឺយើងមានវិធី២។ ទី១៖ នៅពេលដែលមានអាកាសធាតុល្អ គឺយើងអាចបញ្ចេញទឹកមក ដោយយើងប្រើរយៈពេលត្រឹមតែពីរទៅបី ថ្ងៃ គឺយើងអាចបានជាអំបិល មួយវិញទៀត គឺយើងអាចប្រើប្រាស់ម៉ាស៊ីនសម្រាប់ជំនួយផងដែរ»

ប៉ុន្តែយ៉ាងណា លោកបានបង្ហាញនូវបារម្ភនៃតម្លែអគ្គិសនី នៅពេលដែលតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសផ្សេងៗ គឺវាអាចប៉ះពាល់ដល់តម្លៃអំបិលនៅកម្ពុជា ធ្វើឲ្យអំបិលមានតម្លៃខ្ពស់។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់ការប្រើប្រាស់អំបិល នៅកម្ពុជាក្នុងមួយឆ្នាំៗ គឺត្រូវការអំបិលប្រមាណជាជា១០ម៉ឺនតោន ហើយប្រភេទអំបិលដែលយកមកប្រើប្រាស់មាន៣ប្រភេទ ទី១៖ អំបិលសម្រាប់ប្រើប្រាស់នៅតាមផ្ទះ របស់ប្រជាពលរដ្ឋ, ទី២ អំបិលសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម និងទី៣ អំបិលសម្រាប់កសិកម្មផងដែរ។ ចំពោះកម្ពុជាមានផ្ទៃដី សម្រាប់ផលិតអំបិលចំនួន ៥ពាន់ហិកតា ហើយផ្ទៃដីដែលផលិតអំបិលចែកចេញជា៣ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ក្នុងនោះមាន ទី១៖ កន្លែងស្តុកទឹកស្អាតទុកផលិត, ទី២៖ មានស្រែហាល ឬស្រែចម្អិន, និងទី៣៖ ស្រែសម្រាប់បណ្ដុះ៕