(កោះកុង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រារព្ធទិវា «សប្តាហ៍ជាតិសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោក លើកទី១២» ដោយមានការចូលរួមក្រោមវត្តមាន លោក សុខ សុទ្ធី អភិបាលរងខេត្ត, លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

លោក អន ដាវុធ បានលើកឡើងថា ដើម្បីអនុវត្តផែនការ ដែលបានដាក់ចេញ ដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៨ បានកំណត់យកថ្ងៃទី២៨ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវា «ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២»

ក្នុងនោះដែរ លោកបានបង្ហាញពីសកម្មភាពជាច្រើន ក្នុងការខិតខំប្រឹងប្រែងក្នុងការធ្វើការផ្សព្វផ្សាយ ពីការអបរំនៃច្បាប់ចរាចរណ៍ផ្លូវគោក ដូចជា៖

* រៀបចំទិវារឹតបន្តឹងការពាក់មួកសុវត្ថិភាព
* ចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋ អំពីសុវត្ថិភាពចរាចរណ៍
* ចុះត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស -ល-
* ចែកជូននូវសៀវភៅច្បាប់ចរាចរណ៍ និងផ្ទាំរបាំងផ្លាត រួមនិងបំពាក់មួកសុវត្ថិភាព
* ធ្វើការពន្យល់ឲ្យគាត់ពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតខ្លួនឯង
* បើករថយន្តត្រូវបំពាក់ខ្សែក្រវ៉ាត់ជាប្រចាំ
* បើកបរឲ្យចេះគោរពច្បាប់ចរាចរណ៍ និងចេះយោគយល់គ្នា
* បើកបរកុំពិសារគ្រឿងស្រវឹង។

អភិបាលរងខេត្ត បានថ្លែងថា មុននិងបងប្អូនចាប់ផ្តើមបើកបរយានជំនិះ អ្នកបើកបរត្រូវប្រកាន់ទំលាប់ជាស្វ័យប្រវត្តិ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលកើតជាយថាហេតុនៅលើផ្លូវថ្នល់។

លោក សុខ សុទ្ធី បានបន្តថា សូមឲ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ សូមពាក់ខ្សែក្រវ៉ាត់ឲ្យបានគ្រប់ៗគ្នា ហើយចំពោះអ្នកបើបរម៉ូតូ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នា ហើយបើកសូមឲ្យមើល ពីស្ថានភាពផ្លូវ ត្រូវចេះយោគយល់គ្នា អនុគ្រោះឲ្យគ្នាទៅវិញទៅមក និងចូលរួគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់៕