(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថក្រុង ឲ្យចេញជួយសម្រួលចរាចរណ៍កកស្ទះ នៅតាមផ្លូវជាតិលេខ៤ នៅម្តុំចំណុចមុខ្លោងទ្វារច្រកចូលសាលាសង្កាត់លេខ១ រហូតដល់មុខផ្សារឃ្លាំងលើ ហើយត្រូវបានដាក់ពង្រាយឲ្យប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីជួយសម្រួលចរាចរណ៍មិនឲ្យកកស្ទះ នៅតាមគោលដៅសំខាន់ៗ។
លោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានការណែនាំ កម្លាំងកងរាជអាវុធហត្ថក្រុង នឹងបន្តដាក់ពង្រាយកម្លាំងឲ្យប្រចាំការ នៅតាមគោលដៅដែលតែងមានចរាចរណ៍កកស្ទះនេះ ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឆ្លងកាត់មូលដ្ឋាននេះ ឲ្យមានភាពប្រសើរឡើង ជាពិសេសបញ្ចៀស រាល់ការកកស្ទះនានា ដែលរំខានដល់ការធ្វើដំណើរ ការប្រកបរបរទទួលទាន និងការធ្វើដំណើរទេសចរណ៍ជាដើម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរ ឬប្រើប្រាស់ផ្លូវជាតិលេខ៤ បង្ហាញអារម្មណ៍រីករាយ និងស្វាគមន៍ចំពោះសកម្មភាព របស់កងកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្តព្រះសីហនុ ដែលបានដាក់ពង្រាយកម្លាំងរង់ចាំសម្រួលចរាចរណ៍កកស្ទះទាំងយប់ថ្ងៃ ចាប់ពីចំណុចក្លោងទ្វារច្រកចូលសង្កាត់លេខ១ ដល់មុខផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ដែលតែងមានចរាចរណ៍កកស្ទះជារៀងរាល់ថ្ងៃ។
ផ្តើមពីបញ្ហានេះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានអំពាវនាវដល់អ្នកបើកបរគ្រប់ៗរូប ដែលប្រើប្រាស់ផ្លូវជាតិលេខ៤ និងផ្លូវផ្សេងទៀត នាខេត្តព្រះសីហនុ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា ជាពិសេសមិនត្រូវបើកបរវ៉ាជែងគ្នា នៅក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ និងផ្លូវចង្អៀតនោះទេ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងនាំឲ្យមានការកកស្ទះចរាចរណ៍ជាដើម។
លោកថា អ្នកបើកបរគ្រប់ៗរូប ក៏ត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងសមត្ថកិច្ចស្ថាប័នដទៃទៀត ដើម្បីបញ្ចៀសការកកស្ទះ ទាំងនៅតាមផ្លូវជាតិលេខ៤ ទល់មុខផ្សារឃ្លាំងលើ និងបណ្តាផ្លូវច្រើនទៀតនាក្រុងព្រះសីហនុនាថ្ងៃអនាគត៕