(ព្រះសីហនុ)៖ ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានគណៈកម្មការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត បានស្នើអ្នកបើកបរទាំងអស់គោរពច្បាប់ និងយោគយល់គ្នាពេលបើកបរ ដើម្បីកាត់បន្ថយការកកស្ទះ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
យោងតាមការលើកឡើងក្នុងទិវានេះ បង្ហាញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមគួរឲ្យព្រួយបារម្ភ ដែលប្រទេសជាតិមានការអភិវឌ្ឍ លើគ្រប់គ្រប់វិស័យ ជីវភាពពលរដ្ឋមានភាពធូរធារ ក្រោមដំបូលសន្តិភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ទន្ទឹមនេះ នៅខេត្តព្រះសីហនុ ការកកស្ទះចរាចរណ៍តាមដងផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍ ក៏កំពុងកើតមានគួរកត់សំគាល់ផងដែរ ស្របពេលដែលខេត្តនេះ កំពុងមានកំណើនអភិវឌ្ឍន៍ នាំឲ្យមានកំណើនយានយន្ត និងកំណើនមនុស្ស។ ដើម្បីដោះស្រាយបញ្ហានេះ លោក យន្ត មីន បានផ្តល់អនុសាសន៍ចំនួន៨ចំណុច៖
*១៖ ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ
*២៖ អ្នកបើកបរត្រូវពាក់ខ្សែក្រវ៉ាត់ ឬមួកសុវត្ថិភាព
*៣៖ កុំបើកលើសល្បឿនកំណត់
*៤៖ កុំវ៉ាជែងដោយប្រថុយ
*៥៖ គោរពសិទ្ធអាទិភាព និងយោគយល់គ្នាពេលបើកបរ
*៦៖ កុំបើកបរក្នុងស្ថានភាពស្រវឹង
*៧៖ កុំផ្ទុកលើសកំណត់
*៨៖ អ្នកបើកបរ ត្រូវមានក្រមសីលធម៌។
លោក យន្ត មីន និយាយថា បញ្ហាការកកស្ទះនេះ អាជ្ញាធរសមត្ថកិច្ចកំពុងគិតគូរដោះស្រាយចំពោះមុខ ដោយតំរូវឲ្យ៖ ១៖ ធ្វើផ្លូវឯកទិស, ២៖ បន្តសកម្មភាព អប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត និង៣៖ វិធានការណ៍ផាកពិន័យ ឬអនុវត្តវិធានការណ៍ច្បាប់ឲ្យបានតឹងរឹងបំផុត។
តាមរយៈទិវានេះ លោក យន្ត មីន មានរំពឹងថា អ្នកចូលរួមថ្ងៃនេះ នឹងយកខ្លឹមសារនេះទៅអប់រំផ្សព្វផ្សាយបន្តដល់ពលរដ្ឋបន្ថែមទៀត ដើម្បីជំរុញពួកគេឲ្យមានការចូលរួមទាំងអស់គ្នា ទើបអាចដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ និងចៀសវាងការកើតគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
គួរបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៦៧ករណី ស្លាប់៤៥នាក់ របួស១១៩នាក់ បើធៀបឆ្នាំ២០១៨ បានកើនឡើង៦៦នាក់ ក្នុងនោះអ្នកស្លាប់ បានកើន១៧នាក់ អ្នករបួសកើន៦៦នាក់។ នេះយោងតាមរបាយការណ៍នគរបាលចរាចរណ៍ខេត្តព្រះសីហនុ៕