(ស្វាយរៀង)៖ លោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់ប្រឡងចម្រៀងសកលចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ ដែលស្ទើរតែលិចបាត់ស្រមោល ទៅហើយនោះត្រូវបានសារព័ត៌មាន និងបណ្តាញសង្គម ជីកគាស់កកាយធ្វើឲ្យជីវិតសិល្បៈរបស់លោករស់ឡើងវិញ ដោយមានខាងទូរទស្សន៍មួយចំនួន បានអញ្ជើញលោកឲ្យឡើងច្រៀងក្នុងកម្មវិធីផ្សេងៗទៀតផង។

ក្នុងនោះក៏មានសប្បុរសជនក្នុងស្រុក និងក្រៅស្រុក បាននិពន្ធបទចម្រៀងឲ្យលោកច្រៀងបានជាច្រើនបទ ហើយមានការបង្ហោះបទចម្រៀងទាំងនោះ តាមបណ្តាញសង្គម Facebook និងយូធូបជាដើម មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងការចូលមើល និងស្តាប់សម្លេងរបស់លោក ហើយសរសើរថា លោកបកស្រាយបទចម្រៀងមរតកដើមយ៉ាងពិរោះ។

ពលរដ្ឋមួយចំនួននៅខេត្តស្វាយរៀង ដែលចូលចិត្តស្តាប់បទចម្រៀងមរកតដើម រួមមាន៖ បទចម្រៀងរបស់អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត, លោក អ៊ិន យ៉េង, លោក សុះ ម៉ាត់, លោក អ៊ឹង ណារី, លោក ជា សាវឿន និងលោក តូច តេង ជាដើមនោះ បានបញ្ជាក់ថា លោក ឌី ថារ៉េន សម្លេងរបស់គាត់ពិរោះមួយបែបដោយច្រៀងបទមរកតដើម បានយ៉ាងពិរោះល្អ និងសង្ឃឹមថា មានអ្នកនិពន្ធបទថ្មីៗ ឲ្យលោកច្រៀងដើម្បីបានបទ Original song ដែលជាបទផ្ទាល់ខ្លួនទើបអាចល្បីខ្លាំង។

បើតាមអ៊ុប្រុសឈ្មោះ ឈូក អាង រស់នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលបានស្តាប់សម្លេងលោក ឌី ថារ៉េន បានលាន់មាត់ទាំងមិនដឹងខ្លួនថា ពិតជាពិរោះមែន ទើបតែឮទេ ទើបតែជួប និងស្តាប់សម្លេងបែបនេះកម្ររកណាស់។

អ៊ុប្រុសបានបន្តថា សម្លេង ឌី ថារ៉េន ជាសម្លេងធម្មជាតិ បើខិតខំរៀននិពន្ធទំនុកភ្លេងដែលធ្វើឡើងជារបស់ខ្លួនរឹតតែល្អ។ នៅក្នុងឱកាសជួបជាមួយអ្នកយកព័ត៌មាន លោក ឈូក អាង ដែលធ្លាប់រស់នៅក្នុងក្នុងទស្សវត្សទី៦០ ដែលអ្នកចម្រៀង និងអ្នកនិពន្ធនាសម័យកាលនោះ សុទ្ធតែអ្នកខ្លាំងដោយនិពន្ធបទភ្លេង ទំនុកច្រៀងដោយខ្លួនឯង ហើយស្តាប់ហើយមិនងាយសាបសូន្យ ល្បីរន្ទឺរហូតដល់សព្វថ្ងៃនេះ ចង់ជួប ឌី ថារ៉េន ព្រោះសម្លេងនេះ មិនងាយរកទេយ៉ាងហោចណាស់ឲ្យ ថា រ៉េន ច្រៀងគោកឱ្យស្តាប់មួយបទក៏អស់ចិត្តដែរ។

ចំណែកអ្នកផឹកកាហ្វេ នៅតាមហាងកាហ្វេមួយចំនួន នៅក្រុងស្វាយរៀង បានស្តាប់សម្លេងលោក ឌី ថារ៉េន ច្រៀងបង្ហោះតាម Facebook យូធូបដូចជា បទភ្នំភ្លើងស្នេហាជាបទរបស់លោក សុះ ម៉ាត់ នាំគ្នាសរសើរលោកថា បានបកស្រាយយ៉ាងពិរោះ មានការចូលមើលរាប់សែននាក់ផងដែរ។

លោក ឌី ថារ៉េន បច្ចុប្បន្នកំពុងរស់នៅខេត្តកំពត បានថ្លែងប្រាប់ Fresh News ប្រចាំខេត្តស្វាយរៀង យ៉ាងដូច្នេះថា៖ «ស្របពេលរដូវវស្សាខិតជិតចូលមកដល់ ទីផ្សារចម្រៀងរបស់លោកពុំសូវ មានគេហៅច្រៀងនោះទេ ជាពិសេសក្រុមវង់ភ្លេង ដែលលោកច្រៀងប្រចាំខេត្តកំពត ហើយខាងទូរទស្សន៍ ក៏ពុំសូវមានដែរ លោកថា ខែវស្សានេះ មានតែចាប់យកមុខរបរចាស់ ហើយមើលទៅ គឺដើរលក់កូនទាដូចមុនទៀតហើយ»

លោកបានបញ្ជាក់ថា កាលពីខែប្រាំងមានគេហៅច្រៀងច្រើនដែរ ទាំងខាងទូរទស្សន៍ តាមរោងការ និងច្រៀងបទចម្រៀងគេនិពន្ធឱ្យច្រៀងក្នុងនោះ ក៏បានចូលច្រៀងជាមួយក្រុមសិល្បអង្គរក្ស សម្តេចតេជោផងដែរ តែជិតចូលខែវស្សាដូចស្ងាត់។

លោក ឌី ថារ៉េន ក៏ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរតែងតែសណ្តោសប្រណី ដល់សិល្បករ-សិល្បការិនីទាំងអស់ នៅទូទាំងប្រទេសជាពិសេស បានគាំទ្ររូបលោកនាពេលកន្លងមក៕