(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លើកទី១២ នៅរាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកំពស់ការយល់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវទាំងឡាយយល់ថា ការគោរពប្រតិបត្តិច្បាប់ចរាចរផ្លូវគោក គឺជាការគោរព ស្រឡាញ់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ ស្របតាមពាក្យស្លោករបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា «ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ក្នុងឱកាសនោះ តំណាងជនពិការ៣រូប បានឡើងសំដែងពីអារម្មណ៍ពិតរបស់ខ្លួន ដែលជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចណ៍កន្លងមក ពីទុក្ខលំបាកក្នុងការរស់នៅ ដោយខ្លួនជាជនពិការ បានបាត់បង់ឱកាសជាច្រើន ខុសពីអ្នកមិនពិការដែលបន្សល់ទុកដោយគ្រោះថ្នាក់ចរាចរណ៍។ ភ្នែកទាំងគូរបស់ពួកគេ លែងបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតទៀតហើយ គឺរស់នៅក្នុងពិភពងងិតសូនសុង។
ជនពិការទាំង៣រូប បានផ្ញើសារទៅដល់អ្នកបើកបរទាំងឡាយកុំធ្វេសប្រហែស ក្នុងការបើកបរ បើកបរគោរពច្បាប់ចរាចរណ៍ មិនស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង, គ្រឿងញៀន, បើកបរមានការយោគយល់គ្នា។ អ្នកបើកបរដឹកអ្នកដំណើរត្រូវគិតថា ជីវិតអ្នកដំណើរផ្ញើលើអ្នកបើកបរម្នាក់។
លោក មាន ចាន់យ៉ាដា អភិបាលរង និងជាតំណាងលោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា អត្ថន័យនៃសាររបស់ជនពិការ គឺពិតជាមានន័យណាស់ ជាសាររំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ មានតែជនពិការខ្លួនឯងទេ ទើបដឹងពីភាពវេទនា ដោយគ្រោះថ្នាក់ចរាចរណ៍។
លោកបន្តថា ឥរិយាបទរបស់អ្នកបើកបរ ជាកត្តាកំណត់សំខាន់ជាងគេ ក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ បញ្ហាចរាចរណ៍ជារឿងយើងទាំងអស់គ្នា ដែលត្រូវចូលរួម អនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ លោកថា ផ្តើមចេញពីការរីកចំរើនយ៉ាងឆាប់ រហស័របស់រាជធានីភ្នំពេញ ធ្វើឲ្យទីក្រុងមួយនេះ ប្រឈមនឹងបញ្ហាចរាចរណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននៅពេលស្ថិតិកំណើនយានយន្ត ដែលបានចុះបញ្ជីនៅ រាជធានីភ្នំពេញ គ្រាន់តែរថយន្តមានប្រមាណ៥សែនគ្រឿង, ទោចក្រយានយន្តប្រមាណ២លានគ្រឿង កំពុងធ្វើចរាចរណ៍លើដងវិថី ក្នុងរាជធានីភ្នំពេញ។
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើ ប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់ លើការគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកំរិតទាប និងអប់រំផ្សព្វផ្សាយស្តីពីហានិភ័យ បណ្តាលមកពីបើកបរហួសល្បឿនកំណត់, ស្រវឹងបើកបរ, ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់ជាដើម និងក្នុងគោលបំណង ឈានទៅរួមគ្នាលុបបំបាត់ភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕