(កំពង់ធំ)៖ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យឈប់ជក់បារីដើម្បីសុខភាពល្អទាំងអស់គ្នា ជាប្រយោជន៍យកទៅអនុវត្តន៍ក្នុងសហគមន៍រស់នៅ មានសុខភាពទាំងអស់គ្នា នាំគ្នាឈប់ប្រើប្រាស់ផលិតផលថ្នាំជក់ មានន័យថា បានចូលរួមលើកកម្ពស់សុខភាពគ្រួសារ សុខមាលភាពសហគមន៍ ហើយក៏ចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
លោក ឡង គីស៊ឹង បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ខណៈរដ្ឋបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរៀបចំទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ថ្នាំជក់ និងសុខភាពសួត»។ ពិធីនេះបានរៀបចំដោយអង្គការអាដ្រាកម្ពុជាប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោងអោប (គម្រោងថែទាំសុខភាពមាតា និងទារកតាមរយៈការថែទាំ និងការចូលរួមពីសហគមន៍) ដែលឧបត្ថម្ភដោយកិច្ចការសកលនៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រា កាណាដា។ ពិធីនេះក៏មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋជាង ៤០០នាក់។
លោក ឡង គីស៊ឹង បានថ្លែងអំណរគុណបំផុត ចំពោះអង្គការអាដ្រានៃគម្រោងអោប ដែលតែងតែជួយគាំទ្រ ទាំងសម្ភារ និងថវិកាដល់អាជ្ញាធរស្រុកសណ្តាន់។ ក្នុងនោះ លោកបានលើកឡើងថា នេះជាលើកទី២ ហើយដែលអាជ្ញាធរ និងអង្គការដៃគូរអភិវឌ្ឍន៍ បានធ្វើការផ្សព្វផ្សាយអំពីផលិតផលថ្នាំជក់ ដែលទាក់ទងទៅនឹងផ្នែកសុខភាព និងសេដ្ឋកិច្ច។ ការមិនប្រើប្រាស់ថ្នាំជក់ វាផ្តល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសមិនប៉ះពាល់ដល់ស្ត្រី និងកុមារ ព្រោះបើស្ត្រីមានផ្ទៃពោះ ហើយស្រូបផ្សែងបារីពីគេនោះ នឹងធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬក៏មិនគ្រប់លក្ខណៈ។
លោកបានបញ្ជាក់ទៀតថា ជាមួយគ្នានេះ បើតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការឆ្នាំ២០១៤ បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង ១៥លាននាក់មានអ្នកប្រើប្រាស់ថ្នាំជក់ជាង ២លាននាក់។ ហើយបើតាម របាយការណ៍បន្ថែមរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជាក៏បានបាត់បង់ធនធានមនុស្សប្រមាណ ១ម៉ឺននាក់ជារៀងរាល់ឆ្នាំផងដែរ។
លោក កែន ចំរើន អនុប្រធានគម្រោងអោបប្រចាំស្រុកសណ្តាន់ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងក្នុងងគោលបំណង ដើម្បីបង្កើនចំណេះដឹងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឱ្យយល់ដឹងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសុខភាព ដោយសារការជក់បារី ឬចុកថ្នាំ ឬការប្រើប្រាស់ផលិតផលថ្នាំជក់ ឱ្យយល់ដឹងអំពីផលប៉ះពាល់ដ៏ធ្ងន់ធរចំពោះការជក់បារី ឬចុកថ្នាំ ឬការប្រើប្រាស់ផលិតផលថ្នាំជក់ចំពោះស្ត្រីមានផ្ទៃពោះ ឬកុមារតូចៗ ដែលស្រូបផ្សែងបារីពីគេ។ កម្មវិធីនេះក៏ជំរុញនឹងលើកទឹកចិត្តប្រជាពលរដ្ឋ អាណាព្យាបាល អ្នកថែទាំកុមារ ឱ្យលះបង់ចោលទម្លាប់ជក់ ឬចុកថ្នាំ ដើម្បីសុខភាពខ្លួនឯង និងអ្នកដទៃ។
សូមជម្រាបថា ផលិតផលថ្នាំជក់ មានផ្ទុកសារធាតុគីមីពុលចំនួន ៧ពាន់ប្រភេទ ដែលធ្វើឲ្យអ្នកប្រើប្រាស់កើតជំងឺផ្សេងៗ ជាច្រើន ដោយធ្វើឱ្យ ពិការភាព និងស្លាប់ ជាង៦លាននាក់ជារៀងរាល់ឆ្នាំ ទូទាំងពិភពលោក។ នេះបើយោងតាម របាយការណ៍របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕